ខេត្តមណ្ឌលគិរី៖ឈើសុក្រំ និងបេងចំនួន២០កំណាត់ត្រូវបានជំនាញរដ្ឋបាលព្រៃឈើផ្នែកកែវសីមាចាប់បង្ក្រាបកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ក្រោយពីម្ចាស់ឈើចចារសម្រួលគ្នាមិនត្រូវ ជាមួយលោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះ-ចុងផ្លាស់។សកម្មភាពបង្ក្រាបឈើនេះ បានធ្វើនៅចំនុចភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ប្រភពបានឲ្យដឹងថា កម្មភាពលួចដឹកជញ្ជូនឈើទោះបីសមត្ថកិច្ច និងជំនាញចុះបង្ក្រាបបានជាបន្តបន្ទាប់នាពេលកន្លងមក ក៏នៅតែមានជនឆ្លៀតឱកាសមួយចំនួនលួចដឹកជាបន្តបន្ទាប់។
រយៈពេលមួយខែនេះការចុះបង្ក្រាបរបស់ជំនាញសមត្ថកិច្ច និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទាំងរថយន្តដឹកឈើ ព្រមទាំងជនសង្ស័យបញ្ជូនមកសាលាដំបូងខេត្តចាត់ទៅតាមនិតិវិធីនៃច្បាប់ជាច្រើនករណី។
លោក ស្រ៊ុន ឈួន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះ បានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការត្រួតពិនិត្យនឹងឆែកឆេរនៅលើដីខាងលើនេះកំលាំងរបស់លោករឹបអូសបានឈើចំនួន ២០ ដុំ ប្រភេទឈើសុក្រំ បើគិតជាម៉ែត្រគូបមិនទាន់ដឹងនៅឡើយទេ ពីព្រោះមិនទាន់ធ្វើការវាស់វែង។
លោកបានបន្តថា ក្នុងប្រតិបត្តិការឆែកឆេរ និងរឹបអូសខាងលើនេះគឺធ្វើឡើងដោយមានការអនុញ្ញាតិនឹងបញ្ជាផ្ទាល់ពីលោក សូ សុវិទ្យាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ឲ្យចុះប្រមូលយកវត្ថុតាងទាំងអស់យកទៅរក្សារទុកនូវផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា នឹងស៊ើបសួររកម្ចាស់ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។
ចំណែកបញ្ហាដែលលេចឮថា ការចាប់បង្ក្រាបឈើខាងលើព្រោះចរចាមិនត្រូវគ្នានោះ គឺជាពាក្យចេញពីមនុស្សមួយចំនួនតូច ប៉ុណ្ណោះ វាមិនមែនជាការពិតទេ។ហើយបច្ចុប្បន្នឈើដែលដែលចាប់បានខាងលើ ជំនាញកំពុងចាត់ការតាមនីតិវិធីផ្លូវច្បាប់៕