ហាណូយ៖យោងតាមសារព័ត៌មាន Channel News Asia បានផ្សាយថា មនុស្សយ៉ាងហោចណាស់២១នាក់បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់នៅក្នុងខេត្តចំនួនបួន ភាគកណ្តាលប្រទេសវៀតណាម និងធ្វើឲ្យជាច្រើនពាន់នាក់ផ្សេងទៀត បង់លំនៅដ្ឋាន។
សេចក្តីថ្លែងការណ៍ ដែលចេញដោយរដ្ឋាភិបាលនៃប្រទេសវៀតណាម បានឲ្យដឹងនៅថ្ងៃសៅរ៍បានឲ្យដឹងថា គ្រោះទឹកជំនន់ ដែលបង្កឡើងដោយសារតែ ការធ្លាក់ភ្លៀងយ៉ាងជោគជាំ តាំងពីថ្ងៃពុធសប្តាហ៍នេះ មកនោះ បានកាត់ផ្តាច់ស្បៀងអាហារផ្គត់ផ្គង់ ទៅកាន់ប្រជាពលរដ្ឋវៀតណាមរាប់ពាន់នាក់ និងបានធ្វើឲ្យរាំងស្ទះដល់ ចរាចរណ៍ពីទិសខាងជើង ទៅកាន់ខាងត្បូងប្រទេសទៀតផង។
សារព័ត៌មានដដែលបន្តថា មនុស្សចំនួន០៧នាក់ បានលង់ទឹកនិងឆក់ចរន្តអគ្គិសនីស្លាប់ នៅក្នុងខេត្ត Quang Binj និងបួននាក់ទៀត បានបាត់បង់ជីវិតរបស់ពួកគេ នៅក្នុងខេត្តចំនួនបីផ្សេងទៀត ដែលនៅក្បែរនោះ ចំណែកឯលំនៅឋានយ៉ាងហោចណាស់ ៣០,០០០ខ្នង ត្រូវបានជន់លិចដោយសារតែទឹកជំនន់។
គួរបញ្ជាក់ដែរថា ព្យុះទីហ្វុង Sarika ដែលឥឡូវនេះស្ថិតនៅក្នុងប្រទេសហ្វីលីពីន កំពុងតែធ្វើដំណើរសំដៅមកកាន់តំបន់ភាគកណ្តាលប្រទេសវវៀតណាម និងអាចនាំយកមកជាមួយនូវចំនួន ទឹកភ្លៀងបន្ថែមទៀត ទៅលើតំបន់ ដែលបានទទួលរងគ្រោះដោយទឹកជំនន់៕