ខេត្តបន្ទាយមានជ័យ៖យុវជនឈាមរាវជិះម៉ូតូក្នុងល្បឿនលឿនបង្ខំចាប់ហ្វ្រាំងបណ្តាលឲ្យមនុស្សខ្ទាតចូលរថយន្តកិនបែកក្បាលស្លាប់ម្នាក់ និងរបួសស្រាល២នាក់ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី រស់ សំបូ រមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឲ្យដឹងថានៅមុនពេលកើតហេតុនោះមានម៉ូតូ១គ្រឿងម៉ាកហុងដា សេ125 ឆ្នាំ២0១១ ពណ៌ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ1K.3777 បើកដោយឈ្មោះ ពុយ ទី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឌុបឈ្មោះ សោម មករា ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ឆេម វាសនា ប្រុស អាយុ១៨ ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិប្រឡាយលួងក្រោម ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបើកម៉ូតូពីលិចទៅកើតលុះបើកមកដល់ចំណុចកើតហេតុក្នុងល្បឿនលឿនបានបង្ខំចាប់ហ្វ្រាំងបណ្តាលឲ្យគ្រវីដួលចូលរថយន្តធុនធំ១គ្រឿងម៉ាក KiA ពណ៌ពងមាន់អូសរ៉ើម៉កដឹកខ្សាច់ ពាក់ស្លាកលេខភ្នំពេញ3A.2439បើកច្រាសទិសគ្នាបណ្តាលឲ្យឈ្មោះ ពុយ ទី ត្រូវរ៉ើម៉ករថយន្តកិនខ្ទេចក្បាលស្លាប់ភ្លាម១រំពេច ចំណែកឈ្មោះ សោម មករា និងឈ្មោះ ឆេម វាសនារបួសស្រាស។
លោក រស់ សំបូរ បានបញ្ជាក់ទៀតថា ក្រោយពីកើតហេតុរួចអ្នកបើករថយន្តចុះគេចខ្លួនបាត់។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមិត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលស្រុកមង្គលបូរីដើម្បីដោះស្រាយទៅតាមតនីតិវិធីច្បាប់៕