ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាពលរដ្ឋក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបងបានរិះគន់យ៉ាងខ្លាំងចំពោះអាជ្ញាធរពាក់ពន្ធ័ខាងលើអនុញ្ញាតិអោយគណះកម្មការធាចារ្យវត្តស្នឹងចុះរុះរើសាលាឆទានដើម្បីយកដីលក់អោយឈ្មួញក្រោមលេសប៉ះពាល់គោលនយោបាយដីចំណីផ្លូវ។
ប្រភពផ្សេងមួយទៀតបានអោយដឹងដែរថា សាលាឆទាននេះទីតាំងផ្លូវកាច់ជ្រុងជាដីមានហាងឆេងល្អទំហំជាង១០ម៉ែត្រ៤ជ្រុង ទើបមានការឃុបឃិតគ្នារវាងអាជ្ញាធរហើយយកដីលក់អោយឯកជនអាចធ្វើជាហ្គារ៉ាស់សាំងព្រោះបើប៉ះពាល់ដីចំណីផ្លូវក៍មិនទាំងស្រុងដែរ។
ពាក់ពន្ធ័ការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋនេះលោក សេត តែម គណះកម្មការអាចារ្យវត្តស្នឹងដែលជាអ្នកចុះរុះរើសាលាឆទានខាងលើបានបញ្ជាក់ថា ការរុះរើនេះដើម្បីយកឈើទៅធ្វើជារោងអកអំបុកនៅក្នុងវត្ត ព្រោះទីតាំងសាលាឆទាននេះត្រូវគណកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោះស្រាយគោលនយោបាយរួចហើយចំនួន៣០០ដុល្លាដូចដីធ្លីរបស់ប្រជាពលរដ្ឋដទៃទៀតដែរ។
ក្រោយពីការហាមឃាត់ពីសំណាក់អាជ្ញាធរភូមិ លោកនិងគណះកម្មការដទៃទៀតបានទៅជួបនិងធ្វើលិខិតស្នើរសុំដល់អាជ្ញាធរឃុំ ស្រុករួចហើយពេលនេះ ប៉ុន្តែរងចាំកម្លាំងមករើជាថ្មីបន្ទាប់ពីបានចុះរុះរើដំបូលនិងគ្រោងសាលារួចកន្លងមក។
ចំណែកលោករស់ វិចិត្រ មេភូមិបឹងចែងបានអោយដឹងថា លោកមិនបានដឹងទេចំពោះការរុះរើសាលាឆទានដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រពីវត្តស្នឹង នេះ ការរុះរើនេះដែរប្រហែលជា១សប្តាហ៍មុន គ្រានោះត្រូវលោកថោង សុគុណ មេឃុំស្នឹងបញ្ជាអោយលោកចុះទៅហាមឃាត់និងថា មិនមានពាក់ពន្ធ័ដល់អាជ្ញាធរនៅពីក្រោយខ្នងរឿងនេះឡើយ។
រីឯលោក ថោង សុគុណ មេឃុំស្នឹងមិនទាក់ទងបានទេព្រោះទូរស័ព្ទចុចមិនចូល៕