រាជធានីភ្នំពេញ៖បង្គន់អនាម័យចំនួន៤២២បង្គន់ ត្រូវបានអង្គភាពជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំដាក់ពង្រាយទៅតាមគោលដៅដែលបានកំណត់ដើម្បីត្រៀមទទួល និងជួយសម្រួលដល់ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងព្រះរាជពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៦នេះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអំទូកខាងមុខនេះមន្ទីរបានត្រៀមរៀបចំដាក់បង្គន់អនាម័យពង្រាយនៅតាមដងផ្លូវសាធារណៈ និងតំបន់ជំវិញមាត់ទន្លេទាំងត្រើយខាងលិច និងខាងកើត ពិសេសនៅតាមសួនច្បារនានា ដើម្បីទទួលប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនា និងកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក ។
លោកបន្តថា បង្គន់អនាម័យដែលត្រៀមដាក់ពង្រាយនោះមានចំនួន៤២២បង្គន់ ក្នុងនោះមានបង្គន់ថ្មដែលមានស្រាប់ បង្គន់ចល័ត និងបង្គន់ជីកដី ដែលត្រូវបានដាក់ពង្រាយនៅ សួនមុខដអរិយក្សត្រ សួនខាងត្បូងក្រុមសម្តេចឪ សួនក្រមង៉ុយ សួនមុខវត្តបុទុមវតីទីលានប្រជាធិបតេយ្យ សួនសម្តេចហ៊ុនសែន សួនមហោស្រពមុខរដ្ឋសភា សួនមុខវត្តលង្កា សួនមាត់ទន្លេ ជាប់របងខាងលិចវាលព្រះមេរុ សួនឆ្នេរទន្លេ សួនខាងជើងផ្សារចាស់ សួនកុមារវត្តភ្នំ សួនច្បារមុខ CDC ក្នុងបរិវេណសាលចតុមុខ គល់ស្ពានភ្លោះកោះពេជ្រ សួនខាងត្បូងសាលាចតុមុខ ក្នុងបរិវេណផ្សាររាត្រី សួនមុខទូតបារាំង សួនមុខសូគីម៉ិចឬស្សីកែវ និងបង្គន់ជីករណ្តៅសម្រាប់កីឡាករអុំទូកនៅជ្រោយចង្វារត្រើយខាងកើតមានចំនួន២០០បង្គន់ផងដែរ ។
ចំណែកលោក សំ សាមុត បានឲ្យដឹងថា អង្គភាពរបស់លោក បានរៀបចំកំលាំងប្រចាំការសម្រាប់បោសសំអាត និងប្រមូលសំរាមតាមសួនច្បារមានចំនួន២៩០នាក់ ដោយចាប់ផ្តើមបោសសំអាតចាប់ពីម៉ោង១១យប់រហូតដល់ម៉ោង៨ព្រឹក និងបានត្រៀមសម្ភារៈគ្រប់គ្រាន់រួចហើយ ។ លោកបន្តថា អង្គភាព បានត្រៀមកម្មករសម្រាប់បោសមានចំនួន១៧៧នាក់ កម្មករកើបសំរាម រថយន្ត០៧គ្រឿងអ្នកបើកបរ១០នាក់ កម្មករសំអាតបង្គន់៣០នាក់ និងសន្តិសុខសួនមានចំនួន២០នាក់ផងដែរ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣-១៤ និងថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៦៕
បង្គន់អនាម័យជាង៤០០ និងកម្មករជិត៣០០នាក់នឹងដាក់ពង្រាយក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ