ឧកញ៉ា ឌី ឌុ​ក ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​​កាប់​ខុសច្បាប់​នៅ​តំបន់​ព្រៃ​អភិរក្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2016 ក+ ក-

​ខេត្តព្រះវិហារ​៖​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា គេ​បានឃើញ​ឧកញ៉ា ឌី ឌុ​ក ដែលជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ដុះ​ស្លែ ដំឡើង​ម៉ា​ស៊ី​អារឈើ​ខ្នាត​យក្ស​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឆែប និង​បាន​ចាត់ចែង​បរិវារ​អោយ​កែន ប្រជាពលរដ្ឋ​ចុះ​កាប់​ឈើ​ខុសច្បាប់​និង​បាន​ឈរជើង​ចាំ​ទិញ​ឈើ​គ្រប់​ប្រភេទ​នៅ​តំបន់​ព្រៃ​អភិរក្ស អនាធិបតេយ្យ បំផុត ដែល​សកម្មភាព​នោះ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​បរិស្ថាន និង​ព្រៃឈើ​អភិរក្ស​របស់​រដ្ឋ​។​
​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​បន្តថា មួយថ្ងៃៗ​គេ​ឃើញ រណារយន្ត​ត្រង់សឺន័រ រាប់រយ​គ្រឿង ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ តាម​តំបន់​ព្រៃ​អភិរក្ស​ខុសច្បាប់​ក្នុង ខេត្តព្រះវិហារ ហើយ​ឈើ​ទាំងនោះ ត្រូវបាន​គេ​ដឹក​ចេញ​យកមក​លក់ ឲ្យ​ក្រុម​លោក​ឧកញ៉ា ឌី ឌុ​ក ដែលមាន​មេការ​ឈ្មោះ អឿន ឈរ​ចាំ​ទិញ​ផ្តាច់មុខ នៅ​តំបន់​ស្រុក​ឆែប ដែល​ទិញ​ពី​ប្រជាពលរដ្ឋ ក្នុង​តម្លៃថោក មិនអោយ​ប្រជាពលរដ្ឋ​លក់​អោយ​អ្នកណា​ទេ​ពុំ​នោះទេ គឺ​មន្ត្រីរដ្ឋបាល​ព្រៃឈើ នៅ​តំបន់​នោះ ចាប់​បង្ក្រាប​ជាក់​ជាមិនខាន​។​
​មន្ត្រី​ក្រសួងកសិកម្ម បាន​ប្រាប់ថា ក្រុមហ៊ុន​របស់លោក​ឧក​ញ៉ា ឌី ឌុ​ក ទទួលបាន​ច្បាប់​អនុ​ញា​ត្តិ អភិវឌ្ឍន៍​តំបន់​ព្រៃ​សម្បទាន​សង្គមកិច្ច ប្រមាណ​៣០០០​ហិកតា ក្នុង​តំបន់​ស្រុក​ឆែប និង​ស្រុក​ជាយ​សែន ក្រោម​លក្ខ​ខ័​ណ្ឌ​គោរព​គោលការណ៍ និង​ច្បាប់​របស់​រាជរដ្ឋាភិបាល ។ ប៉ុន្តែ​ក្រោយ​ទទួលបាន​ច្បាប់​អនុ​ញ្ញា​ត្តិ ពី​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ លោក​ឧកញ៉ា​រូបនោះ មិនបាន​គោរព​តាម​គោលការណ៍​និង​ច្បាប់​របស់​រដ្ឋ​នោះទេ តែ​ក្រុមហ៊ុន​របស់គាត់​បាន​ព្យាយាម​ប្រើល្បិច​តាម​រូបភាព​កាប់​សំអាត​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​សម្បទាន​សង្គមកិច្ច​និង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ព្រៃ​នៅ​តំបន់​ផ្សេងៗ​ទៀតហើយ​យកមក​លក់​ឲ្យ​ក្រុមហ៊ុន​របស់គាត់​ខ​ណះ​ដែល​ម៉ាស៊ីន អារឈើ​ខ្នាត​យក្ស​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​នៅ​មិន​ឆ្ងាយ​ពី​តំបន់​ព្រៃ​អភិរក្ស​នោះឡើយ ។ ម្យ៉ាងទៀត ដើម្បី​បំរើ​ម​ហិ​ច្ឆិ​តា​របស់ខ្លួន​នោះ លោក​ឧកញ៉ា បានប្រកាស​ជា​សាធារណៈ​នៅ​សាលាខេត្ត​ព្រះវិហារ​កាលពី​ថ្មីៗ​នេះ ដោយ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ ចូល​កាប់ ឈើ ហើយ​យកមក​លក់​ឲ្យ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា យ៉ាង​អាណាធិបតេយ្យ​ថែមទៀត ។​
​គេ​ចង់ឃើញ លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មេត្តា​ពិនិត្យមើល​ភាពអនាធិបតេយ្យ នៃ​ការកាប់បំផ្លាញ​ឈើ​ប្រណីត​ខុសច្បាប់ នៅ​ខេត្តព្រះវិហារ ដែល​លោក​ឧកញ៉ា ឌី ឌុ​ក ក្រុមហ៊ុន សំ អឿន សុវណ្ណ បំផុស​ប្រមូល​ពលរដ្ឋ​ឲ្យ​ចូលទៅ​កាប់បំផ្លាញ ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ឡើងវិញ​នេះ​ផង​។ កុំ​សំអាងថា លោក​ឧកញ៉ា ឌី ឌុ​ក ក្រុមហ៊ុន សំ អឿន សុវណ្ណ បាន​ច្បាប់​អនុ​ញា​ត្តិ​អភិវឌ្ឍន៍ តំបន់​ព្រៃ​សម្បទាន​សង្គមកិច្ច ប្រមាណ ៣០០០​ហិកតា ក្នុង​តំបន់​ស្រុក​ឆែប និង​ស្រុក​ជាយ​សែន ខេត្តព្រះវិហារ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នោះឡើយ​៕

unnamed