ដោយ៖ប៉ែន សុផល
បាត់ដំបង៖តាមសេចក្តីរាយការណ៍ពីប្រជានេសាទកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦បានអោយដឹងថា៖បទល្មើសនេសាទរបាំងស្បណរ៉ាវធំៗកើតមានយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេចំណុចព្រែកត្រសក់ និងចំណុចអាបីបទ ស្ថិតក្នុងភូមិក្បាលតោល និងចំណុចឃុំព្រៃចាស់ ស្រុកឯកភ្នំ មន្ត្រីជំនាញមិនធ្វើការបង្ក្រាបដោយសារមានខ្នងបង្អែកនិងជារបស់មន្ត្រីសហគមន៍។
ប្រភពព័ត៌មានពីប្រជានេសាទបានបង្ហើបប្រាប់អោយដឹងថា៖បទល្មើសនេសាទរបាំងស្បណរ៉ាវនៅតែកើតមានយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេនៅចំណុចឃុំព្រៃចាស់ និងនៅចុងព្រែកត្រសក់និងចំណុចអាបីបទ ស្ថិតក្នុងភូមិក្បាលតោល ស្រុកឯកភ្នំ ដោយមួយចំនួនធំបានប្រើឧបករណ៍នេសាទខុសច្បាប់ដែលជារបាំងស្បៃអួនក្រឡាល្អិតដែលហៅថា របាំង(ស្បណរ៉ាវ)រាប់រយរាប់់ម៉ែត្រយកមកដាក់បំផ្លាញពូជមច្ឆាជាតិងាប់អណ្តែតពេញទឹកមិនដែលឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ចុះទៅក្បែរឬបង្ក្រាបឡើយ ដោយទីតាំងទាំងអស់នោះ សុតសឹងជារបស់អ្នកមានលុយ ខ្នងបង្អែក និងជារបស់មន្ត្រីសហគមន៍គ្នាឯង។
ប្រភពបន្តទៀតថា មន្ត្រីជំនាញទាំងអស់នោះពេលដែលចុះទៅបង្ក្រាបម្តងៗកាប់បំផ្លាញតែរបស់ពលរដ្ឋដែលមិនមានខ្សែបក្សពួកដែលនេសាទជាលក្ខណៈគ្រួសារ ដប់ម្ភៃម៉ែត្រចំណែកអ្នកមានលុយខ្នងបង្អែកនិង មន្ត្រី សហគមន៍គ្នាឯងមួយចំនួនវិញបានប្រើប្រាស់ឧបករណ៍ស្បៃអួនក្រឡាញឹក (ស្បណរ៉ាវ)រាប់រយម៉ែត្រមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នោះបែជាមានការឃុបឃិតហើយធ្វើមិនដឹងមិនលឺទៅវិញ។
ប្រភពបន្តទៀតថា ត្រីដែលក្រុមល្មើសនេសាទដាក់ប្រមូលបានជារៀងរាល់ថ្ងៃតែងដឹកតាមកាណូតស្មាច់ដូចហែរកឋិនយកមកលក់លើកអោយឈ្មួញនៅចំណុច សាម ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយក្នុងនោះឃើញមានកាណូតស្មាច់របស់មន្ត្រីជលផលដែលគេស្គាល់ឈ្មោះថា ប៊ុន ណា នៅប្រចាំការត្រូវរូវគ្នានៅទីនោះដែរ។
ចំណែកលោកប៊ុន ណា នាយសង្កាត់ជលផលស្រុកសង្កែដែលបានចតទូកស្មាច់ប្រចាំការនៅចំណុចភូមិសាស្ត្រខាងលើបានប្រាប់សារព័ត៌មានយើងកាលពីរសៀលម្សិលមិញនេះថា រឿងទាំងអស់នោះលោកមិនហ៊ាននិយាយឬបកស្រាយអ្វីទាំងអស់ បើចង់ដឹងច្បាស់សួរទៅលោកនាយខណ្ឌខ្លួនឯងទៅ។
ពាក់ព័ន្ធទៅនិងករណីលើកឡើងខាងលើ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានយើងនៅរសៀលម្សិលមិញនេះថា ចាំលោកអោយគេចុះទៅមើល៕
ប្រជាពលរដ្ឋ៖បទល្មើសនេសាទរបាំងស្បណរ៉ាវធំៗជារបស់អ្នកមានខ្នងបង្អែក និងរបស់មន្ត្រីសហគមន៍