ជនជាតិខ្មែរ​២​នាក់​នាំគ្នា​ភ្នាល់​ដាក់​ជីវិត​ព្រោះតែ​រឿង​នយោបាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​អាច​ថា​ជា​រឿង​ដែល​ហួសចិត្ត​បំផុត ខណៈដែល​ជនជាតិខ្មែរ​២​នាក់​បានប្រកាស​ផ្តាច់ជីវិត​ខ្លួនឯង ព្រោះតែ​រឿង​នយោបាយ​ដែល​គេ​គិតថា ការធ្វើ​បែប​នោះ​គឺជា​រឿង​ឆោតល្ងង់​បំផុត​ផងដែរ​។​
ថ្មីៗ នេះ លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ អតីតមន្ត្រី​ជាន់ខ្ពស់ CNRP រួមទាំង​មនុស្ស​ម្នាក់ទៀត​ដែល​បាន​លេច​ឈ្មោះ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា ស៊ន តារា ( Sorn dara ) បាន​ថ្លែង​នូវ​ការអះអាង​ផ្ទុយគ្នា​អំពី​លទ្ធផល​បោះឆ្នោត​នាពេលខាងមុខ ( ២០១៧-២០១៨ ) ទាក់ទង​គណបក្ស​សង្គ្រោះ​ជាតិ ។​
លោក ម៉ម សូណង់ដូ បាន​អះអាងថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​លោក​នឹង​យក​សាំង​មក​ស្រោច​លើ​ខ្លួនប្រាណ ហើយ​ដុត​ខ្លួន​ធ្វើអត្តឃាត ។ ចំណែក​លោក ស៊ន តារា បាន​អះអាងថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចាញ់ឆ្នោត​លោក​នឹង​កាត់​ក្បាល​លោក​យកមក​ព្យូ​រ​នៅ​ក្លោងទ្វារ​សភា ។​
ក្រុមអ្នកវិភាគ​នយោបាយ​បាន​ហៅ​ការ​ថ្លែង​អះអាង​របស់​អ្នក​ទាំងពីរ គឺជា​រឿង​ឆោតល្ងង់​បំផុត ហើយ​មិនគួរ​ឲ្យ​គំនិត​ធន់​អន់​បែប​នោះ​ស្ថិតនៅក្នុង​ខួរក្បាល​របស់លោក​ទាំង​២​នាក់​រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​នោះទេ ។​
អ្នកវិភាគ​នយោបាយ​បាន​លើកឡើងថា បញ្ហានយោបាយ​គឺជា​រឿង​នយោបាយ ហើយ​ការ​ឈ្នះ​ចាញ់​របស់​គណបក្សនយោបាយ​មិនមែនជា​រឿង​ដោយឡែក​របស់​បុគ្គល​ម្នាក់ៗ នោះទេ ព្រោះ​សន្លឹកឆ្នោត​ស្ថិតក្នុង​ដៃ​ប្រជាពលរដ្ឋ ។ ទន្ទឹម​នោះ​ជនជាតិខ្មែរ​គ្រប់រូប​មិន​ត្រូវយក​ជីវិត​ទៅ​ប្តូរ​នឹង​អ្នកនយោបាយ​នោះទេ ប៉ុន្តែ​បញ្ហា​ជាតិ បញ្ហា​ទឹកដី​ឯណោះ​ទេ ដែល​ម្នាក់ៗ ត្រូវតែ​ប្តូរជីវិត ។​
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ​បាន​ទស្សន៍ទាយ​រួចទៅហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ឈ្នះឆ្នោត​នា​អាណត្តិ​នេះ​ឬ​អាណត្តិ​ក្រោយៗ ទៀត​នោះទេ ។ ហេតុ​និយាយ​ដូច្នេះ ព្រោះថា កាលៈទេសៈ​នេះ​ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រី​សំខាន់ៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​មិនទាន់​ទាំង​បាន​ចប់សព្វគ្រប់​ផង តើ​មានឱកាស​ឯណា ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ ឬ ក៏​អួតអាង​បាន​អំពី​លទ្ធផល​ឈ្នះ​ជាមុន​នោះ ។ ទន្ទឹម​នោះ​សម្លេងគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពេលនេះ កំពុង​ត្រូវបាន​គេ​មើលឃើញថា មានការ​បែកបាក់​និង​ដកខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាងគំហុក​ទៅ​ចូលរួម​ជាមួយ​គណបក្ស​អ្នកប្រជាធិបតេយ្យ ដែល​ទើប​បង្កើត​ថ្មី ។​
អ្នកវិភាគ​នយោបាយ​បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ថយ​សម្លេងគាំទ្រ​នា​អាណត្តិ​ក្រោយនេះ ហើយ​កុំ​និយាយ​ពី​រឿង​ឈ្នះ ។ ប៉ុន្តែ​ជនជាតិខ្មែរ​គ្រប់រូប​ក៏​មិនត្រូវ​លេងល្បែង​ភ្នាល់​ដាក់​ជីវិត នឹង​រឿង​នយោបាយ​នោះដែរ ព្រោះ​វា​ជា​រឿង​គ្រោះថ្នាក់​បំផុត សម្រាប់​នយោបាយ​នៅ​ស្រុក​ខ្មែរ ហើយ​គ្រប់​ជំនាន់​អ្នកនយោបាយ​តែងតែ​ធ្វើ​ដូច្នេះ គ្មាន​អ្នកណា​ផ្សេង​អាច​ទស្សន៍ទាយ​ឬ​គិត​ត្រូវបាន​នោះទេ ។​
អញ្ចឹង​កុំ​យក​ក្បាល​ទៅ​ជ្រ​ល​នឹង​អន្ទាក់​នយោបាយ​ស្រុក​ខ្មែរ ព្រោះ​វា​នឹង​ងាប់​អត់​ប្រយោជន៍ ៕

e61b1210-5d62-440b-999e-e549fd812bc8