ម៉ុង​តា​ញ៉ា​មួយក្រុម​ថ្មី​ទៀត​ស្វែងរក​ជំនួយ​សង្គ្រោះ​ពី​ក្នុងព្រៃ​ខេត្ត រតនគិរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2015 ក+ ក-

ខេត្តរតនគិរី​៖​ក្រុម​ជនជាតិដើម​ភាគ តិចចា​រ៉ា​យ រស់នៅ​ភាគ​ កណ្ដាល​ប្រទេស​វៀតណាម ឬ​ក្រុម​ម៉ុង​តា​ញ៉ា ចំនួន ៥​នាក់​ថ្មី​ទៀត អំពាវនាវ​ស្វែងរក​ជំនួយ​សង្គ្រោះ​ពី​មន្ត្រី​ឧត្ដមស្នងការ​អង្គការ សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ខណៈ​ពួកគេ​បាន​រត់​ភៀសខ្លួន​ចេញពី​ស្រុកកំណើត​មកសុំ​សិទ្ធិ​ជ្រកកោន ផ្នែក​នយោបាយ​។​

ការអំពាវនាវ​នេះ​ធ្វើឡើង​តាមរយៈ​រូបថត​មួយ​សន្លឹក​ដែល​ប្រជាពលរដ្ឋ ជនជាតិដើម​ភាគតិច​ខ្មែរ​រស់នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ប្រទះឃើញ​ហើយ​ថតរូប​ជនភៀសខ្លួន​ទាំងនោះ​ផ្ញើមក​ការិយាល័យ​អង្គការ សិទ្ធិមនុស្ស​ខេត្តរតនគិរី នៅ​យប់​ថ្ងៃទី​៥ ខែមករា ដើម្បី​ស្វែងរក​ជំនួយ​សង្គ្រោះ​។​

អ្នកភូមិ​ខ្មែរ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹងថា ជនភៀសខ្លួន ៥​នាក់​នេះ​មកពី​ភូមិ​ចំនួន​បី គឺ​ភូមិ​សូល ភូមិ​ម៉ក់​ដែង និង​ភូមិ​ប៉​ល ក្នុងស្រុក​ដាក់​កឺ ខេត្ត​យ៉ា​ឡាយ​។ ពួកគេ​បាន​ភៀសខ្លួន​ចូលមក​ក្នុងព្រៃ​ខេត្តរតនគិរី តាំងពី​ថ្ងៃទី​៣ ខែមករា ក្រោម​ហេតុផល​រង​ការគាបសង្កត់​ធ្វើទុក្ខបុកម្នេញ​ផ្នែក​ជំនឿ​សាសនា និង​បញ្ហានយោបាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងប្រទេស​វៀតណាម​។​

អ្នកភូមិ​ដដែល​ឲ្យ​ដឹង​ដែរ​ថា ពួកគេ​កំពុង​លាក់ខ្លួន​ក្នុងព្រៃ​មិន​ហ៊ាន​បង្ហាញខ្លួន​ឲ្យ​អាជ្ញាធរខេត្ត រតនគិរី ឃើញ​ដោយ​ភ័យខ្លាច​អាជ្ញាធរ​កម្ពុជា ចាប់បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​វិញ​៖ «​គាត់​ត្រូវការ​អង្គការ យូ​.​អិន​.​អេ​ច្ឆ​.​ស៊ី​.​អា (UNHCR) និង​ខាង​រដ្ឋាភិបាល​អន្តរាគ​មន៍​សង្គ្រោះ​គាត់​ជាបន្ទាន់ ព្រោះ​នៅក្នុង​ព្រៃ​មូស​ខាំ អត់​ទឹក​។ គាត់​អត់​ហ៊ាន​ចេញ​ខ្លាច​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​វៀតណាម​វិញ​»​។​

ទាក់ទិន​សេចក្ដីអំពាវនាវ​នេះ​ស្នងការរង​ប៉ូលិស​ខេត្តរតនគិរី លោក អ៊ឹម ផានី មានប្រសាសន៍​បញ្ជាក់ថា ប៉ូលិស​មិនទាន់​ទទួលបាន​សេចក្ដីរាយការណ៍​នេះ​ទេ​។ លោក​អះអាងថា នឹង​រាយការណ៍​ជូន​ស្នងការ​ប៉ូលិស​ប្រសិន​ពិត​ជាមាន​វត្តមាន​ជនភៀសខ្លួន​ថ្មី ក្នុង​ខេត្ត​នេះ​៖ «​អាហ្នឹង​ទាល់តែ​រាយការណ៍​ឲ្យ​ស្នងការ​ហើយ​តើ​គាត់​មាន​គោលការណ៍​យ៉ាងម៉េច​?»​។​

ចំណែក​អ្នកនាំពាក្យ​អាជ្ញាធរ​ខេត្តរតនគិរី លោក ញ៉ែម សំអឿន ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរខេត្ត​នឹងធ្វើ​របាយការណ៍​ជូន​ក្រសួងមហាផ្ទៃ ប្រសិន​មាន​ជនភៀសខ្លួន​វៀតណាម ចូលមក​ទឹកដី​ខេត្តរតនគិរី មែន​។​
​លោក​បន្តថា អាជ្ញាធរខេត្ត​មាន​របាយការណ៍​នេះហើយ​៖ «​យើង​មិនដឹងថា យ៉ាងម៉េច​ទេ គ្រាន់​ដឹងថា យើង​មាន​របាយការណ៍ យើង​នឹង​រាយការណ៍​ទៅ​ក្រសួង​អាណាព្យាបាល​ដើម្បី​ចាត់វិធានការ​»​។​

កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ក្រុម​ម៉ុង​តា​ញ៉ា ១៣​នាក់ ត្រូវបាន​មន្ត្រី​ក្រុមការងារ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ផ្នែក សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា សហការ​ជាមួយ​មន្ត្រី​នាយកដ្ឋាន​ជនភៀសខ្លួន​ក្រសួងមហាផ្ទៃ សង្គ្រោះ​ពី​ខេត្តរតនគិរី នាំមក​ទីក្រុង​ភ្នំពេញ ដើម្បី​ពិនិត្យ​លើ​ការសុំ​សិទ្ធិ​ជ្រកកោន​របស់​ពួកគេ​ជា​ជនភៀសខ្លួន ផ្នែក​នយោបាយ​។​

យ៉ាងនេះ​ក្តី​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី អះអាងថា លោក​បានទទួល​រូបថត​ក្រុម​ជនភៀសខ្លួន​ទាំង​ប្រាំ​នាក់​ដែល​កំពុង​លាក់ខ្លួន ក្នុងព្រៃ រួមទាំង​បានផ្ដល់​ព័ត៌មាន​ទាក់ទិន​ការសុំ​សិទ្ធិ​ជ្រកកោន​របស់​ពួកគេ​ទៅ មន្ត្រី​អង្គការសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​រួចហើយ​។​

លោក​បន្តថា មន្ត្រី​អង្គការសហប្រជាជាតិ​កំពុង​សុំ​កិច្ចសហការ​ពី​ក្រសួងមហាផ្ទៃ មក​បំពេញបេសកកម្ម​នៅ​ខេត្តរតនគិរី ទាក់ទិន​នឹង​ការសង្គ្រោះ​ជនភៀសខ្លួន​ថ្មី​នេះ​៖ «​បានទទួល​ព័ត៌មាន យប់មិញ និង​រូបថត​តាមរយៈ​ទូរស័ព្ទ​ក្រុម​ជនភៀសខ្លួន​ប្រាំ​នាក់​ហ្នឹង​ស្នើសុំ ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​អង្គការសហប្រជាជាតិ ពួកគាត់​កំពុង​សម្ងំ​លាក់ខ្លួន​ក្នុងព្រៃ​»​។​

មន្ត្រី​សិទ្ធិមនុស្ស​ខេត្តរតនគិរី លោក ឆាយ ធី រាយការណ៍​ថា កាលពី​ចុង​សប្ដាហ៍​មុន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ជាប់​នឹង​ព្រំដែន​ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម អះអាងថា មាន​ជនជាតិ​ម៉ុង​តា​ញ៉ា វៀតណាម ២​នាក់ ឆ្លងដែន​ចូលមក​ដី​ខ្មែរ​ឋិត​ក្នុងភូមិ​ឡំ​កន ឃុំ​ប៉ក់​ញ៉ៃ ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​ប៉ូលិស​ចាប់បញ្ជូន​ទៅវិញ​។ ជួន​គ្នា​នេះដែរ គេហ ទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​រាយការណ៍​ដែរ​ថា សមត្ថកិច្ច​បាន​ចាប់បញ្ជូន​បុរស​ជនជាតិដើម​ភាគតិច​វៀតណាម ពីរ​នាក់​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្រុក​អូរ​យ៉ា​ដាវ ខេត្ត រតនគិរី បន្ទាប់ពី​ពួកគេ​លួច​ឆ្លងដែន​ខុសច្បាប់​ចូលមក​កម្ពុជា កាលពី​ថ្ងៃទី​២ ខែមករា​៕RFA

------------

ក្រុម​ម៉ុង​តា​ញ៉ា ៥​នាក់ ដែល​លួច​ឆ្លងដែន​ចូលមក​លាក់ខ្លួន​ក្នុងព្រៃ​ខេត្តរតនគិរី កាលពី​ថ្ងៃទី​៣ ខែមករា ២០១៤​។ Adhoc Photo