រាជធានីភ្នំពេញ៖សិស្សសាលាម្នាក់បានខ្ទេចក្បាលស្លាប់ក្នុងថ្លុកឈាម ឯម្នាក់របួស ខណៈកំពុងជិះម៉ូតូសុខៗត្រូវរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីបុកពីក្រោយផ្ទប់ជាមួយរថយន្ត១គ្រឿងទៀតបណ្ដាលឲ្យដួល និងជ្រុលទៅកិនពីលើតែម្តង ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១១ ម្តុំបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ រិទ្ធ អាយុ១៦ឆ្នាំ ជាសិស្សសាលាបាក់ទូក ស្នាក់នៅម្ដុំផ្សារដេប៉ូ ជាអ្នកជិះពីក្រោយ រីឯម្នាក់ទៀតឈ្មោះ ពេជ្រ ប៊ុនឃាន ភេទប្រុស អាយុ១៨ឆ្នាំ អ្នកបើកបរម៉ូតូ មិនបានរងរបួសធ្ងន់ធ្ងរឡើយ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា ស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1FK-3023 តាមបណ្ដោយផ្លូវលេខ២១១ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តស៊ីនទ្រីមកបុកម៉ូតូពីក្រោយផ្ទប់ជាមួយរថយន្ត១គ្រឿងពីមុខបណ្តាលឲ្យដួល ហើយភ្លាមនោះរថយន្តស៊ីនទ្រីក៏ជ្រុលមកកិនក្បាលជនរងគ្រោះដែលអង្គុយខាងក្រោយបណ្ដាលឲ្យខ្ទេចក្បាលស្លាប់ក្នុងថ្លុកឈាម ចំណែកអ្នកបើកម៉ូតូបានរងរបួសដែរ៕