ដោយ៖ប៉ែន សុផល
បាត់ដំបង៖តាមរយៈការបែកធ្លាយនេះមហាជនបានរិះគន់ដល់មន្ដ្រីនគរបាលអន្ដោរប្រវេសន៍ច្រកទ្វាអន្ដរជាតិដូងក្នុងខេត្តបាត់ដំបងបានយកសេវាក្នុងការធ្វើលិខិតឆ្លងដែនហៅវ៉តដ័រផាស់ថ្លៃលើសការកំណត់ទ្វេគុណរហូតជិត៤ដង។
ប្រជាពលរដ្ឋជាច្រើននៅក្នុងក្រុងបាត់ដំបងនិងមហាជនរស់នៅតាមតំបន់ព្រំដែនបានរិះគន់ចំៗដល់មន្ដ្រីនគរបាលអន្ដោរប្រវេសន៍ប្រចាំច្រកទ្វារអន្ដរជាតិដូងបានបំពានយកថ្លៃសេវាធ្វើវ៉តដ័រផាស់ដែលមានសុពលភាព១អាទិត្យម្ដងថ្លៃផ្ទុយពីការកំណត់របស់រដ្ឋ។
បើយោងតាមកិច្ចព្រមព្រៀងរវាងអាជ្ញាធរខេត្តជាប់ព្រំដែនគ្នារគឺខេត្តបាត់ដំបងនិងខេត្តចាន់បុរីដែលបានកំណត់លើកលែងអោយតែប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះមានសិទ្ធបំពេញបែបបទចេញ ចូលបានដោយស្របច្បាប់ ហើយប្រជាពលរដ្ឋត្រូវបង់សេវាត្រឹមតែ២០០០០រៀលប៉ុណ្ណោះក្នុងការធ្វើបែបបទ ប៉ុន្ដែជាក់ស្ដែងអង្គភាពនគរបាលអន្ដោរប្រវេសន៍ប្រចាំច្រកទ្វាអន្ដរជាតិដូងមិនបានអនុវត្តន៍តាមការកំណត់របស់ក្រសួងមហាផ្ទៃទេ បែរជាបំពានអនុញ្ញាតិអោយពលរដ្ឋក្រៅខេត្តធ្វើបែបបទចេញ ចូលបានយ៉ាងងាយគ្រាន់តែចំណាយលុយច្រើនបន្ដិចជាការស្រេច ជាងនេះទៀតចំពោះប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងលើសេវាដែលត្រូវបង់តាមការកំណត់ជាផ្លូវការត្រឹមតែ២០០០០រៀលប៉ុណ្ណោះបែរជាមន្ដ្រីជំនាញអន្ដោរប្រវេសន៍យកពីពលកររហូតដល់៣៥០០០រៀល ចំណែកប្រជាពលរដ្ឋក្រៅខេត្តដែលមិនមានការលើកលែង តែត្រូវមន្ដ្រីជំនាញបំពានទាំងខុសកិច្ចព្រមព្រៀងសម្រួលធ្វើបែបបទចេញ ចូលបានហើយយកថ្លៃសេវារហូតដល់៧៣៥០០រៀល។
បងស្រី ស.ថ រស់នៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងបានលើកឡើងនៅថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០១៦កន្លងមកនេះថា បងស្រីមានគ្នាចំនួន៤នាក់មកបំពេញបែបបទធ្វើលិខិតឆ្លងដែនសប្ដាហ៍ក្នុងគោលបំណងចូលទៅធ្វើការងារបេះផ្លែមៀននៅក្នុងទឹកដីថៃខេត្តចាន់ បុរីដែលមានចម្ងាយប្រមាណជា៣៥គីឡូម៉ែត្រពីតំបន់ព្រំដែនប្រទេសកម្ពុជា ក្នុងការធ្វើលិខិតឆ្លងដែនអាទិត្យនេះកញ្ញាត្រូវបង់សេវាធ្វើអោយដល់មន្ដ្រីនគរបាលអន្ដោរប្រវេសន៍ប្រចាំច្រកដូងចំនួន៣៥០០០រៀល។ ចំណែកប្រភពមួយផ្សេងទៀតជាស្ដ្រីមកពីខេត្តសៀមរាបបានអោយដឹងដែរថា៖អ្នកស្រីជាប្រជាពលរដ្ឋមកពីខេត្តផ្សេងក្រៅពីខេត្តបាត់ដំបងដូចនេះក្នុងការធ្វើបត្រ័អាទិត្យឬវ៉តដ័រផាស់ត្រូវចំណាយច្រើនខុសពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងដោយអ្នកស្រីត្រូវបង់ថ្លៃសេវាធ្វើចំនួន៧៣៥០០រៀលអោយមន្ដ្រីនគរបាលអន្ដោប្រវេសន៍ច្រកទ្វាអន្ដរជាតិដូងដើម្បីមានសិទ្ធស្របច្បាប់ចូលទៅធ្វើការងារបេះផ្លែមៀននៅក្នុងទឹកដីថៃ។
ការរិះគន់ខាងលើលោកសៅ ប៊ុនរិទ្ធ ប្រធានការិយាល័យនគរបាលអន្ដោរប្រវេសន៍ច្រកទ្វាអន្ដរជាតិដូងបានបំភ្លឺ(ប្រាប់សាព័ត៌មានមេគង្គប៉ុស្តិ៍) ថា ចំពោះប្រជាពលរដ្ឋមកពីខេត្តផ្សេងក្រៅពីខេត្តបាត់ដំបងប្រសិនបើមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានទើបមន្ដ្រីលោកចេញនិងធ្វើបែបបទអោយបាន រីឯថ្លៃសេវាដែលត្រូវបង់តែ២០០០០រៀលប៉ុណ្ណោះ ក្រៅពីហ្នឹងលើសេវាថតរូបឬសេវាអោយក្រៅពីអង្គភាពរបស់លោកជារឿងផ្សេង៕
ធ្វើលិខិតឆ្លងដែនលើសតំម្លៃកំណត់ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងចាស់ដៃ