ឧកញ៉ា ហ៊ុន ជា រង​ការរិះគន់​ករណី​ជំនួញ​ឈើ​ខុសច្បាប់​ចេញពី​ខេត្តរតនគិរី​ទៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2016 ក+ ក-

​រតនគិរី​៖​លោក​ឧកញ៉ា ហ៊ុន ជា ត្រូវបាន​គេ​ស្គាល់​ថា ជា​កូនប្រុស​លោក ហ៊ុន សាន កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី និង​មណ្ឌលគិរី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អូយ៉ាដាវ រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្តមណ្ឌលគិរី​។​
​តាម​ភ្នាក់ងារ​រាយការណ៍​ថា បន្ទាប់ពី​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដឹកនាំ​បញ្ជា​ដោយ​លោក សៅ សុខា នោះ ករណី​ជំនួញ​ឈើ​នាំ​ចេញទៅ​វៀតណាម​បាន​ស្ងប់ស្ងាត់​មួយរយៈ​ខ្លី ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រោយមក ជំនួញ​ឈើ​ខុសច្បាប់​ត្រូវបាន​កំរើក​ឡើងវិញ ហើយ​ហាក់​មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​ជាង​មុន ។​
​តាម​ព័ត៌មាន​ពី​មន្ត្រី​ក្នុង​ខេត្ត​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា ជំនួញ​ឈើ​ខុសច្បាប់​ដែល​កំពុងមាន​សកម្មភាព​យ៉ាង​គគ្រឹគគគ្រេង​នៅ​ខេត្តរតនគិរី សព្វថ្ងៃនេះ គឺជា​ជំនួញ​ឈើ​របស់លោក​ឧកញ៉ា ហ៊ុន ជា​តែម្តង​ដែល​បាន​នាំចេញ​ឈើ​យ៉ាងសកម្ម​តាម​ច្រក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី និង​ច្រក​មួយទៀត​ក្នុង​ខេត្តមណ្ឌលគិរី រួមមាន​ច្រក​ដាក់​ដាំ​ជាដើម ។​
​ប្រភព​បន្តថា រាល់ថ្ងៃ​គេ​តែងតែ​ឃើញ​មាន​ទាំង​ប្រជាពលរដ្ឋ និង​ក្រុម​ដៃជើង​លោក​ឧកញ៉ា ហ៊ុន ជា ចូល​កាប់​ព្រៃ​យ៉ាង​អនាធិបតេយ្យ​ក្នុងស្រុក​លំផាត់ ស្រុក​កូន​មុំ ស្រុក​អណ្តូង​មាស ស្រុក​តា​វែង និង​ស្រុក​អូយ៉ាដាវ​ជាដើម ខណៈដែល​ព្រៃឈើ​តំបន់​នោះបាន​ធូរស្រាល​ពី​ការកាប់បំផ្លាញ​មួយរយៈ​ខ្លី ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ។​
​ពាក់ព័ន្ធ​ករណីនេះ គេ​សង្កេតឃើញថា ទាំង​អភិបាលខេត្ត ទាំង​កងកម្លាំង ទាំង​មន្ត្រី​ជំនាញ សំខាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ហាក់​មិនបាន​បង្ហាញ​នូវ​ការចាប់អារម្មណ៍ ចំពោះ​សកម្មភាព​បទល្មើស​ព្រៃឈើ ដែល​កក្រើក​ឡើងវិញ​នោះឡើយ​។ ទន្ទឹម​នោះគេ​អាច​នឹង​អះអាងថា បញ្ហា​ជំនួញ​ឈើ​ខុសច្បាប់​របស់​ឧកញ៉ា​រូបនេះ​កំពុង​តែមាន​ឥទ្ធិពល​តាមរយៈ​លុយ ឬ រយៈ​អំណាច​ថ្នាក់​កំពូល​ហើយ​ទើប​ពួកគេ​សម្ងំ​ស្ងាត់ឈឹង​ដូច្នេះ​។​
​លោក​ឧកញ៉ា ហ៊ុន ជា ដែល​រង​ការចោទប្រកាន់​នោះ មិនទាន់​អាច​សុំ​ការបំភ្លឺ​ណាមួយ​បាន​នៅឡើយ​ទេ ខណៈដែល​ព័ត៌មាន​ខ្លះ​បាន​អះអាងថា លោក​ឧកញ៉ា ហ៊ុន ជា គ្រាន់តែ​ឈរឈ្មោះ​ប៉ុណ្ណោះ ចំណែក​អ្នក​ដែល​ធ្វើ​ផ្ទាល់​នោះ​គឺជា​ក្រុម​លោក​ឧកញ៉ា​ជើងចាស់​ដែល​ធ្លាប់​រកស៊ី​ជំនួញ​ឈើ​ដុស​ស្លែ​នៅ​តំបន់​នោះ ហើយក៏​ធ្លា​ប់រង​ការចោទប្រកាន់ថា ជា​ឧកញ៉ា​ជំនួញ​ឈើ​ខុសច្បាប់​ថែមទៀត ។​
​យោងតាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចេញផ្សាយ កាលពីពេល​ថ្មីៗ នេះ បាន​ឲ្យ​ដឹងថា ជំនួញ​ឈើ​ខ្មែរ នៅតែ​ត្រូវគេ​នាំចេញ​យ៉ាងគំហុក​ទៅ​ប្រទេស​យួន ដែល​ធ្វើ​ឲ្យ​កំណើន​នៃ​ការនាំចេញ​ឈើ​ខុសច្បាប់​មាន​រហូតដល់​១២១​លាន​ដុល្លារ ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦​នេះ ។ នេះ​ជា​ទិន្នន័យ​របស់​គយ ប្រទេស​យួន ហើយ​ត្រូវបាន​ចែករំលែក​ដោយ​អង្គការ Forest Trends ។​
​ទាក់ទិន​ករណីនេះ លោក Marcus Hardtke អ្នក​អភិរក្ស​បរិស្ថាន​បាន​ថ្លែង​អះអាងថា ឧកញ៉ា​រកស៊ី​ឈើ​ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកមានអំណាច​កំពុងមាន​រោងចក្រ​អារឈើ និង​ទិញ​ឈើ​យ៉ាងច្រើន ។ លោក​ថា វា​ជាការ​រៀបចំ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដែលជា​ការប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ព្រៃឈើ ។ ចំណែក លោក អ៊ូច ឡេង អ្នក​អភិរក្ស​ដែល​ឈ្នះ​រង្វាន់​បុរស​មាស​ក៏បាន​អះអាង​ដែរ​ថា ខ្ញុំ​បាន​រកឃើញថា អាជីវ​កម្មនេះ គឺមាន​អាទិភាព​ជាង​ការការពារ​ព្រៃឈើ​។ អ្វីដែល​ពួកគេ​គិត​គឺ​ត្រូវ​រកលុយ​ពី​ឈើ ។​
​ទន្ទឹម​នោះ Julian Newman ប្រធាន​យុទ្ធនាការ​នៅ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន (EIA) ដែលជា​អង្គការក្រៅរដ្ឋាភិបាល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ដែល​បាន​ស្រាវជ្រាវ​យ៉ាង​ទូលំទូលាយ​អំពី​ការកាប់​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​មេគង្គ បាន​សរសេរ​តាម​អ៊ីមែល​ថា វា​មិនអាច​ទៅរួច​ទេ​ដែល​ការកាប់​ឈើ​ទ្រង់ទ្រាយ​តូច​អាចបង្កើត​ឲ្យ​មានការ​នាំចេញ​ឈើ​តម្លៃ ១២១ លាន​ដុល្លារ​ក្នុង​រយៈកាល ៩ ខែ «​លុះត្រាតែ​វា​ជា​ឈើ​ប្រណីត​តម្លៃ​ខ្ពស់ និង​ទ្រង់ទ្រាយ​ធំ​៕

13876440_660774434098243_8732248339137270506_n