ប៉េកាំង៖អតីតអភិបាលក្រុងណានជីងលោក លោក Yang Weize ត្រូវបានតុលាការថ្នាក់តំបន់នៅភាគខាងកើតប្រទេសចិនសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ និង០៦ខែ ក្រោយពេលដែលរូបលោកត្រូវបានគេរកឃើញថាបានប្រព្រឹត្តអំពើពុករលួយប្រឆាំងនឹងច្បាប់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានផ្សាយថា លោក Yang Weize ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតតាំងពីឆ្នាំ២០១៥មកម្ល៉េះ ដោយអង្គភាពប្រឆាំង អំពើពុករលួយរបស់គណបក្សកុម្មុនិស្តចិនផ្ទាល់ ហើយតុលាការក្រុង Ningbo បានរកឃើញថា លោកបានទទួលសំណូកដោយផ្ទាល់ ឬតាមរយៈភរិយារបស់លោក ដែលសរុបជាទឹកប្រាក់ចំនួន១៦.៤លានយ័នស្មើនឹង២.៣៨លានដុល្លារ កាលពីចន្លោះឆ្នាំ២០០៥ និង២០១៤។
សារព័ត៌មានដដែលផ្សាយថា អតីតអភិបាលក្រុងណានជីងរូបនេះបានសារភាពកំហុស និងបានបង្ហាញពីការសោកស្តាយចំពោះទង្វើរបស់ខ្លួន ហើយបានសន្យាថា នឹងចូលរួមសហការក្នុងការយកលុយកខ្វក់ទាំងប៉ុន្មានត្រឡប់ទៅវិញ ដែលប្រការនេះនាំលោក Yang ទទួលទម្ងន់ទោសស្រាលជាងមុន៕