បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ក្នុងករណី​រំលោភ​លើ​ទំនុកចិត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​បានធ្វើការ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ទៅ​និង​ករណី​រំលោភ​លើ​ទំនុកចិត្ត (​លួច​ប្រាក់​ចំនួន​៦០០០​ដុល្លារ​)​។​
លោក​អនុសេនីយ៍ទោ ឡា​ច វ៉ាន់ នាយការិយាល័យ​នគរបាល​យុត្តិធម៌​អង្គភាព​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បានអោយដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ឈ្មោះ នង ស៊ីណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ជា​មេការ​ក្លិប​កំសាន្ត​ស្កា​យ​ប្តឹង​ទៅលើ​ឈ្មោះ សុខ ស៊ី​មិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​អ្នក​កាន់​ប្រាក់ចំណូល​ក្នុង​ក្លិប​កំសាន្ត​ស្កា​យ​ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង បាន​ប្រមូល​ប្រាក់ចំណូល​ចំនួន​៦០០០​ដុល្លារ​(​ប្រាំមួយ​ពាន់​ដុល្លារ​)​រួច​រត់​គេចខ្លួនបាត់​។​
លោក​បន្តថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូតដល់​វេលា​ម៉ោង​២៣ និង​៣០​នាទី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​ទើប​ក្តាប់បាន​មុខសញ្ញា​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចុះ​ដល់​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​។
លោក​បន្តទៀតថា ជនសង្ស័យ​ជា​ករណី​រំលោភ​លើ​ទំនុកចិត្ត​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ សុខ ស៊ី​មិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ក្នុង​ក្លិប​កំសាន្ត​ស្កា​យ​មុខរបរ​ជា​អ្នក​គិតលុយ ចំណូល​ចំណាយ​និង​ទូរ​ទាត់​ប្រាក់​អោយ​ថៅកែ​ក្នុង​មួយខែៗ​។​
ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​យកប្រាក់​ចំណូល​ក្នុង​ក្លិប​កំសាន្ត​ស្កា​យ​ចំនួន​៥០០០​ដុល្លារ​(​ប្រាំ​ពាន់​ដុល្លារ​)​របស់​ថៅកែ​ស្កា​យ​ដែល​ខ្លួន​មាន​តួនាទី​រក្សា​ទុកអោយ​ថៅកែ យកទៅ​លែង​ល្បែង​ចាក់បាល់​ចាញ់​អស់​។​
បន្ទាប់ពី​ធ្វើការ​សាកសួរ​បូករួម​និង​ចម្លើយសារភាព​ផង​នោះ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

15515890_1806535469585015_2012521977_o15540159_1806535479585014_46362576_o