ខេត្តកំពង់ស្ពឺ៖ជនសង្ស័យ២នាក់បានធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករលក់មាស២នាក់ ប្តី-ប្រពន្ធនៅក្នុងផ្សារឧដុង្គ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ យកមាសជាច្រើនតម្លឹង ខណៈដែលពួកគេយកមាសចេញពីទូលក់ក្នុងផ្សារ សំដៅមកផ្ទះ ស្ថិតនៅភូមិ ឃ្លាំងប្រាំ ឃុំ វាំងចាស់ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ។
ជនរងគ្រោះជាប្តីឈ្មោះ អ៊ឹង ប៊ុនតុង អាយុ៣៣ឆ្នាំ ជាអាជីវករលក់មាសនៅក្នុងផ្សារឧដុង្គបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានលក់មាស នៅផ្សារឧដ្តុងចំនួន០២ទូ ដោយប្តីលក់១ទូ និងប្រពន្ធលក់១ទូ។ ពេលកើតហេតុកគាត់បានជិះម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ យកគ្រឿងអលង្ការដែលខ្លួន បានលក់មកទុកនៅផ្ទះ រួចមកក៏ជិះម៉ូតូទៅយកគ្រឿងអលង្ការ របស់ប្រពន្ធមកទុកនៅផ្ទះទៀត លុះពេលជិះមកដល់មាត់ច្រកទ្វាររបងចូលផ្ទះ ស្រាប់តែមានជនល្មើសចំនួន០២នាក់ ជិះម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ ពុំចាំស៊េរី ជិះមកឈប់ពីក្រោយជនរងគ្រោះ។
ភ្លាមនោះជនល្មើស ដែលជិះពីក្រោយបានស្ទុះ មកចូលធ្វើសកម្មភាពយកកាំភ្លើងខ្លី ពុំស្គាល់ម៉ាកមកភ្ជង់ជនរងគ្រោះ ប្រតាយប្រតប់ទាញយកកាបូបគ្រឿងអលង្ការ ហើយយកកាបូបនោះ ឡើងជិះម៉ូតូទាំងពីរនាក់ឆ្ពោះទៅទិសខាងកើត ឡើងទៅផ្លូវលេខ៥២ សំដៅទៅទិសខាងលិចបាត់ទៅ។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សំ សាមួន បាននិយាយថា រហូតមកដល់ពេលនេះ លោកមិនទាន់អាចនិយាយបានទេ ដោយស្ថិតក្រោមការស្រាវជ្រាវជាមុនសិន ពីព្រោះតាមការសួរនាំនោះ ជនរងគ្រោះជាប្តីនិយាយផ្សេង ដោយឡែកប្រពន្ធនិយាយផ្សឹង ដូច្នេះលោកមិនទាន់ហ៊ានសន្និដ្ឋាន នៅឡើយទេចាំស្រាវជ្រាវចប់សិន។
ទោះជាយ៉ាងណាលោកស្នងការបានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងធ្វើការស្រាវជ្រាវលើករណីនេះហើយ តាមរយៈការមើលកាមេរ៉ាសុវត្ថិភាព៕