ទូក​នេសាទ​ថៃ​ផ្លាស់​ទី​ទៅ​ដែនទឹក​ដាច់​ស្រ​យ៉ា​ល​ដើម្បី​បញ្ជៀ​ស​ការបង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2016 ក+ ក-

​ថៃ​៖​អង្គការ​ឃ្លាំមើល​បរិស្ថាន Greenpeace បាន​និយាយថា ទូក​នេសាទ​ថៃ​បាន​ផ្លាស់​ទី​ទៅកាន់​ដែនទឹក​ដាច់​ស្រ​យ៉ា​ល និង​ងាយ​រងគ្រោះ​ជិត​ឆ្នេរ​អាហ្វ្រិក​ភាគ​ខាងកើត​ដើម្បី​គេច​ពី​ការបង្ក្រាប​ថ្នាក់​តំបន់​លើ​ការនេសាទ​ខុសច្បាប់​និង​ការជួញដូរ​មនុស្ស​។​
​ប្រទេស​ថៃ​គឺជា​ប្រទេស​នាំចេញ​អាហារ​សមុទ្រ​ធំជាងគេ​លំដាប់​ទី​បួន​របស់​ពិភពលោក​ប៉ុន្តែ​ឧស្សាហកម្ម​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​របស់ខ្លួន​មួយ​នេះ​គឺ​ភាគច្រើន​មិនមាន​ច្បាប់ទម្លាប់​និង​ពោរពេញ​ទៅដោយ​ការរំលោភ​សិទ្ធិ​។​
Anchalee Pipattanawattanakul មកពី​អង្គការ Greenpeace នៅ​អាស៊ីអាគ្នេយ៍​បាន​ថ្លែងថា “​ដោយ​គ្មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​នៅក្នុង​សមុទ្រ​ឆ្ងាយ​ដូចនេះ​នោះ គ្មាន​ការត្រួតពិនិត្យ​ពីអ្វី​ដែល​បាន​កើតឡើង​នៅ​ទី​នោះទេ​”​។​
​ប្រទេសមួយ​នេះ​បានមក​ស្ថិតនៅក្រោម​សម្ពាធ​យ៉ាង​ធ្ងន់​ពី​អន្តរជាតិ​ក្នុងការ​សម្អាត​វិស័យ​សម្បូរ​រឿងអាស្រូវ​មួយ​នេះ​បន្ទាប់ពី​សហភាព​អឺរ៉ុប​គំរាម​ហាមឃាត់​ផលិតផល​អាហារ​សមុទ្រ​ថៃ​ទាំងអស់​កាលពី​ឆ្នាំមុន​។ ប៉ុន្តែ​បើទោះបី​ជាមាន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការ​ប្រ​ព្រឹ​ត្ដ​ខុសច្បាប់​និង​កៀបសង្កត់​ជួញដូរ​មនុស្ស​ក៏ដោយ ការរំលោភបំពាន​នៅតែមាន​នៅលើ​ទូក​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​ពី​អង្គការ Greenpeace ។​
​បើ​យោងតាម​ក្រុម​ឃ្លាំមើល​នេះ​បាន​ឲ្យ​ដឹងថា នាវា​ដោត​ទង់ជាតិ​ថៃ​រហូតដល់​ទៅ​៧៦​គ្រឿង​បាន​ផ្លាស់ប្តូរ​ប្រតិបត្តិការ​របស់​ពួកគេ​ទៅកាន់​តំបន់ Saya de Malha Bank ដែលជា​តំបន់​មួយ​ជិត​ឆ្នេរ សមុទ្រ​អាហ្វ្រិក​បន្ទាប់ពី​មានការ​បង្ក្រាប​កាលពី​ឆ្នាំមុន​នៅ​កោះ​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ​និង​ឥណ្ឌូនេស៊ី​។​
​នាវា​ជាច្រើន​បាន​បញ្ជូន​ផល​ត្រី​របស់​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​តាមរយៈ​នាវា​ក្លាសេ​ដោយ​អាចធ្វើ​ឲ្យ​កា​ពី​តែ​ន​រក្សា​ក្រុម​នាវិក​របស់​ពួកគេ​នៅ​សមុទ្រ​និង​គេច​ចេញពី​ការត្រួតពិនិត្យ​របស់​អា​ជ្ញា​ធរ​សម្រាប់​រយៈពេល​យូរ​។​
​គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​កែប្រែ​លំដាប់ថ្នាក់​ប្រទេស​ថៃ​នៅក្នុង​របាយការណ៍​ជួញដូរ​មនុស្ស​ប្រចាំឆ្នាំ​របស់ខ្លួន​នៅក្នុង​ខែកក្កដា​ដោយ​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​លុបបំបាត់​ពលកម្ម​ដោយ​បង្ខំ​នៅក្នុង​ឧស្សាហកម្ម​អាហារ​សមុទ្រ​នេះ​៕

download-14