ជំនន់​ទឹកភ្លៀង​នៅ​​វៀតណាមសម្លាប់មនុស្ស​២៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2016 ក+ ក-

​ហាណូយ​៖​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ​បាន​ផ្សាយ​ថា មនុស្ស​យ៉ាងហោចណាស់​២៤​នាក់​បាន​ស្លាប់បាត់​បងជីវិត បន្ទាប់ពី​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំងក្លា​ដែល​បាន​បន្ត​រហូតមក​តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម ។
​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ នៅក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង ២៤​នាក់​ខេត្ត Binh Dinh ភាគ​កណ្តាល​ប្រទេស​វៀតណាម​បាន​រាយការណ៍ អំពី​តួលេខ​ច្រើនជាងគេបង្អស់​គឺ​ដល់​ទៅ ១៦​នាក់​, ខេត្ត Thua Thien-Hue មាន​អ្នក​បាត់បង់​ជីវិត​ប្រាំ​នាក់​, ខេត្ត Khanh Hoa មាន​ពីរ​នាក់​, និង​ខេត្ត Phu Yen មាន​ម្នាក់ ខណៈ​មនុស្ស​ប្រមាណ​ជា ១៦​នាក់​ទៀត​បានទទួលរ​ង​បួស ហើយពីរ​នាក់​ផ្សេង​នៅតែ​បន្ត​បាត់​ខ្លួន​នៅឡើយ​។​
​អាជ្ញា​បន្តថា ជំនន់​ទឹកភ្លៀង​នេះ​បាន​ហូរ​នាំយក​ផ្ទះ​ចំនួន ៣៣២​ខ្នង​, ធ្វើ​ឲ្យ​ខូចខាត​ចំនួន ១១៨​ខ្នង​, និង​បណ្តាល​ឲ្យ​ជន់​លិច ៦,១៥០​ខ្នង ខណៈ​មនុស្ស​សរុប​ចំនួន ៥,៨៩២​គ្រួ​សារបាន​បង្ខំចិត្ត​ជម្លៀស​ខ្លួន​ពី​លំនៅឋាន​របស់​ពួកគេ​។ បន្ថែម​ពីនេះ​ទៀត​វាលស្រែ​ទំហំ ១៩,១២៨​ហិកតា​, ផ្ទៃដី​ចម្ការ​ទំហំ​៩,៨០៦​ហិកតា​, រួម​និង​ព្រៃឈើ​ទំហំ ៣,៧៧៨​ហិកតា​ត្រូវបាន​លិចលង់​នៅក្រោម​ទឹក​ជន់​ផងដែរ​។ ទន្ទឹមនឹងនេះ​សត្វ​គោក្របី​ប្រមាណ​១,៣៨០​ក្បាល និង​មាន់​ទា​ចំនួន ៦២,៣៤៦​ក្បាល​បាន​ងាប់​ក៏ដូចជា​កួច​ទៅតាម​ទឹក​ថែម​ទៀតផង​៕

untitled