ភ្នំពេញ៖ គ្រូពេទ្យមកពីប្រទេសជប៉ុន អះអាងនៅក្នុងសិក្ខាសាលាសុខភាព ថាជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់ គឺជាឃាតកបិទមុខស្ងៀមស្ងាត់បំផុត។ ប្រសិនបើការលើសឈាមបន្តយូរនាំឲ្យខូចសរសៃឈាម។ លោកណែនាំឲ្យពិនិត្យសម្ពាធឈាមរៀងរាល់ថ្ងៃ ហើយកត់ត្រាសម្ពាធឈាមទុក ប្រើឱសថការពាររាល់ថ្ងៃ ទទួលទានបន្លែ ៥មុខក្នុង ១ថ្ងៃ និងផ្លែឈើ ៥មុខបន្ថែមទៀត។
វេជ្ជបណ្ឌិតច្រើននាក់មកពីមន្ទីរពេទ្យសាន់រ៉ាយ ជប៉ុន បង្ហាញទៅអ្នកចូលរួមស្តាប់នៅថ្ងៃ២៤ ខែមករា ក្នុងសិក្ខាសាលាសុខភាព ថាអ្នកជំងឺលើសឈាមត្រូវអោយអ្នកជំនាញធ្វើការស្រាវជ្រាវរកមើលការ ខូចខាតនៃប្រព័ន្ធសរីរាង្គ។
លោកវេជ្ជបណ្ឌិត យូស៊ីហ្វ៊ូមី ហាយ៉ាស៊ី (Yoshifumi Hayashi) ឯកទេសខាងជំងឺលើសឈាមថ្លែងក្នុងសិក្ខាសាលា «ចូរកម្ចាត់ជំងឺលើសឈាមពីថ្ងៃនេះ» ថា ជំងឺលើសសម្ពាធឈាម គឺជាឃាតកបិទមុខស្ងៀមស្ងាត់បំផុត។ លោកថា មនុស្សគ្រប់រូបមុនឈានទៅរកការលើសឈាម ត្រូវដឹងពីកម្រិតសម្ពាធឈាមរបស់ខ្លួនដោយត្រូវធ្វើតេស្តឈាម ទឹកនោម ការវាស់ចរន្តបេះដូង និងឲ្យគ្រូពេទ្យពិនិត្យស្ថានភាពនៃសរសៃឈាម។
លោកថា សម្ពាធឈាមធម្មតាមាន ១២០ លើ ៨០។ ប៉ុន្តែអ្នកត្រៀមនឹងលើសឈាមគឺសម្ពាធឈាមឡើងចន្លោះពី ១២១ ទៅ ១៣៩ លើ ៨១ ទៅ ៨៩។ ប្រសិនបើអ្នកលើសឈាមមិនលេបថ្នាំការពាររាល់ថ្ងៃ អាចប៉ោងសរសៃឈាម ក្លាយទៅជាលើសឈាម គឺសម្ពាធឈាមឡើងខ្ពស់លើសពី ១៤០ លើ ៩០ ឡើងទៅ៖ «ឧទាហរណ៍ថា បើវាប៉ះពាល់ដល់សរសៃឈាមនៅក្នុងខួរក្បាលដែលយើងហៅថា ជំងឺស្ត្រូក (stroke) ឬហៅថា ដាច់សរសៃឈាមក្នុងខួរក្បាល យើងតែងតែច្រឡំជាមួយនឹងខ្យល់គរ មនុស្សហ្នឹងដួល ដល់ពេលដឹងខ្លួនឡើងវិញ ឬជួនកាលស្លាប់។ ជួនកាលដឹងខ្លួនឡើងវិញ តែកម្រើកដៃជើងបញ្ជាអត់រួច នេះវាជាសញ្ញាផលលំបាកនៃរបស់ការឡើងឈាមបន្តយូរ វាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមក្នុងខួរក្បាល វាងាយហូរឈាម វាអាចខ្វះឈាមក្នុងហ្នឹង។ បើវាប៉ះពាល់ដល់ភ្នែកវាធ្វើឲ្យខ្វាក់ភ្នែក បើប៉ះពាល់ដល់ពោះ វាអាចប៉ោងសរសៃឈាមនៅក្នុងពោះយើង ដែលមានសរសៃឈាមច្រើន ហើយវាប៉ោង។ បើកន្លែងប៉ោងហ្នឹងវាស្ដើង គឺវាធ្លាយហូរឈាមទៅក្នុងពោះយើង ហើយបើប៉ះទៅតម្រងនោម វាខូចតម្រងនោម បើតម្រងនោមអត់ច្រោះជាតិពុលទៀត វាធ្វើឲ្យមានបញ្ហាសព្វបែបសព្វយ៉ាង»។
លោក យូស៊ីហ្វ៊ូមី ហាយ៉ាស៊ី ណែនាំឲ្យអ្នកជំងឺលើសឈាម ត្រូវតមអាហារប្រៃ តមខ្លាញ់ តមបារី បន្ថយគ្រឿងស្រវឹង ត្រូវលេបថ្នាំការពារលើសឈាមរាល់ថ្ងៃ ទទួលទានដំណេកឲ្យបានទៀងទាត់ ហូបបន្លែឲ្យបាន ៥មុខ និងផ្លែឈើ ៥មុខបន្ថែមទៀតក្នុង១ថ្ងៃ ប្រើប្រេងឆាផលិតពីគ្រាប់ធញ្ញជាតិ និងហាត់កីឡាក្នុងមួយអាទិត្យឲ្យបាន ៥ដង ក្នុងម្ដងគឺហាត់ ៤០នាទី។ លោកបន្ថែមថា អ្នកដែលធ្លាប់តែខ្វះឈាម មិនប្រាកដថាទៅអនាគតអ្នកនោះមិនលើសឈាមទេ។
ការណែនាំអំពីសុខភាពដែរ គ្រូពេទ្យជំនាញព្យាបាលដោយចលនា លោក យូស៊ីហ្វ៊ូមី ហាយ៉ាស៊ី មកពីមន្ទីរពេទ្យគីតាហារ៉ា ជប៉ុន ឲ្យដឹងថា ការព្យាបាលដោយចលនាផ្ទុយពីការម៉ាស្សា។ ការព្យាបាលដោយចលនា គឺសម្រួលសរសៃ និងសាច់ដុំដែលរឹងខុសប្រក្រតីឲ្យមកធម្មតាវិញ។ ចំណែកការម៉ាស្សា គឺការព្យាបាលឆាប់ជាក្នុងរយៈខ្លីដែលផ្ទុយពីការព្យាបាលដោយចលនា ដែលធ្វើឲ្យអ្នកជំងឺជាបានយូរឆ្នាំ។
វេជ្ជបណ្ឌិត រ៉ាវី មកពីក្រុមហ៊ុនឥន្ទ្រីបៃតង ពន្យល់ថា សាច់ បន្លែ ផ្លែឈើ តាំងលក់នៅទីផ្សារ ភាគច្រើនប្រើប្រាស់សារធាតុគីមីដើម្បីបំប៉នដែលនាំឲ្យប៉ះពាល់ដល់ សម្ពាធឈាមរបស់អ្នកទទួលទាន។
អ្នកស្រីបន្តថា ដើម្បីឲ្យមានសុខភាពល្អ ការជ្រើសរើសអាហារសម្រាប់ហូប គឺដាំដុះដោយធម្មជាតិសុទ្ធ។
ប្រធានមន្ទីរពេទ្យសាន់រ៉ាយ ជប៉ុន លោក គូគូដា អះអាងថា ខែកុម្ភៈ ឆ្នាំ២០១៦ នៅប្រទេសកម្ពុជា នឹងមានមន្ទីរពេទ្យសាន់រ៉ាយ ដែលមានវេជ្ជបណ្ឌិតជំនាញចម្រុះមកពីប្រទេសជប៉ុន ២៥នាក់ និងគិលានុបដ្ឋានច្រើននាក់ ជាជនជាតិខ្មែរ នឹងជួយព្យាបាលថែទាំអ្នកជំងឺ។ បច្ចុប្បន្នអគារមន្ទីរពេទ្យកំពុងត្រូវបានសាងសង់នៅខណ្ឌជ្រោយចង្វា ត្រើយម្ខាងនៃទន្លេសាប ៕ rfa