ម៉ូស្គូ៖រុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធប្រឆាំងអំពើភេរវកម្មទ្រង់ទ្រាយធំមួយនៅភាគខាងកើតប្រទេស ដែលកងកម្លាំងយោធារុស្ស៊ីជាង២,០០០នាក់ចូលរួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។
អ្នកនាំពាក្យទីបញ្ជាការយោធារុស្ស៊ីលោកឧត្តមសេនីយ៍ Alexander Gordeyev បានថ្លែងថា ភាគខាងកើតជាផ្នែកដ៏សំខាន់ជាងគេនៃសមយុទ្ធយោធានេះ នឹងត្រូវប្រារព្ធឡើងនៅលើទឹកដីរបស់តំបន់ Sakhalin Oblast ដែលស្ថិតនៅចុងភាគខាងកើតប្រទេស ជាមួយការចូលរួមពីឧទ្ធម្ភាគចក្ររាប់សិបគ្រឿងនិងកងលោតឆ័ត្រយោងជាច្រើននាក់។
លោក Gordeyev បានថ្លែងថា «ចំណាប់អារម្មណ៍ចម្បងនឹងផ្តោតសំខាន់ទៅលើបញ្ហានៃការធ្វើប្រាស្រ័យទាក់ទងគ្នា រវាងបណ្តាទីភ្នាក់ងាររក្សាសន្តិសុខនៃតំបន់ Sakhalin Oblast នៅអំឡុងប្រតិបត្តិការពិសេសមួយ។ រីឯក្រុមលោតឆ័ត្រយោងដែលត្រូវដឹកជញ្ជូនតាមរយៈឧទ្ធម្ភាគចក្រធុន Mi-8 នឹងចូលរួមក្នុងការហ្វឹកហ្វឺននេះដើម្បីកម្ចាត់ពួកភេរវករ»។
គួរបញ្ជាក់ថា សមយុទ្ធនេះនឹងបន្តរហូតដល់ចុងសប្តាហ៍នេះពោលគឺថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧៕