ក្រចេះ៖សកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ កំពុងធ្វើសកម្មភាពយ៉ាងគក្រឹកគក្រេងចេញពីក្នុងតំបន់ព្រៃអភិរក្សព្រៃឡង់ ឋិតនៅក្នុងទឹកដីនៃស្រុកសំបូរ ខេត្តក្រចេះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត ។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា លោក ញ៉ែម វិសាល ជាមន្ត្រីបរិស្ថានខេត្តក្រចេះ និងជានាយកដែនជម្រកព្រៃអភិរក្ស ព្រៃការពារ ដែលគេហៅថាព្រៃឡងត៍នោះ សព្វថ្ងៃកំពុងឈរជើងនៅតំបន់នោះ បានឃុបឃិតគ្នាជាមួយមេឈ្មួញឈ្មោះ សុខ នី ហៅ ចែម៉ាប់ បើកដៃឲ្យចូលកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងអណាធិបតេយ្យ និងដោយរលូនតាមគោយន្តកន្ត្រៃជាច្រើនគ្រឿង ដោយក្នុងមួយគោយន្តកន្ត្រៃត្រូវបង់ឲ្យលោក ញ៉ែម វិសាល មន្ត្រីបរិស្ថានពី ២០ម៉ឺនទៅ ២៥ម៉ឺនរៀល ហើយត្រូវប្រាប់មុន ព្រោះលោកធំជាងគេនៅទីនោះ។ ចំណែកឯប្រជាពលរដ្ឋវិញ គ្រាន់តែដឹកជញ្ជូនឈើគ្រាក់ៗយកមកអាជន្លង់ម្រេច និងធ្វើផ្ទះដើម្បីស្នាក់នៅក៏មិនបានផង កុំថាឡើយចូលទៅកាប់អារឈើយកទៅលក់នោះ។
មេឈ្មួញឈ្មោះ សុខ នី ហៅ ចែម៉ាប់ ពីមុនគឺជាឈ្មួញរកស៊ីជំនួញឈើដែលមានឥទ្ធិពលមួយរូបនៅខេត្តរតនៈគិរី ហើយឥឡូវបានមកត្រូវរូវគ្នានជាមួយលោក ញ៉ែម វិសាល ដែលមានតួនាទីជាមន្ត្រីបរិស្ថានខេត្តក្រចេះ និងជានាយកដែនជម្រកព្រៃការពារដែលឈរជើងនិងប្រចាំការនៅតំបន់នោះ ។
ប្រភពច្បាស់ការ បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើតាមគោយន្តកន្ត្រៃ ត្រូវបានគេមើលឃើញថា ដឹកចេញជារៀងរាល់យប់ ចេញពីព្រៃអភិរក្សការពារព្រៃឡង់ ដែលមានព្រំប្រទល់ជាប់ខេត្តចំនួនបី ខេត្តកំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ ដែលជាប់នឹងស្រុកសំបូរ ដោយឆ្លងកាត់ស្រុកព្រែកប្រសព្វ ដោយក្នុងមួយគោយន្តច្នៃមិនក្រោម ៥ម៉ែត្រ តម្រង់ឆ្ពោះយកទៅលក់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។
ទាក់ទិនជុំវិញបញ្ហាខាងលើ មេគង្គប៉ុស្ដិ៍មិនអាចធ្វើការទំនាក់ទំនងជាមួយលោក ឌួង ឆាយសាវុឌ្ឍ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឡើយ៕