ក្រុមហ៊ុន​អាន​ម៉ា​ឌី​ប្រមូល​ទិញ​ឈើ​ប្រណីត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​យ៉ាង​អនាធិបតេយ្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2015 ក+ ក-

រតនគិរី​៖ ប្រជាពលរដ្ឋនៅក្នុង​សហគម ការពារ​ព្រៃឈើ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​ព្រៃឈើ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ ស្ថិតក្នុង​ស្រុក តា​វែង និង​ស្រុក​អណ្ដូង​មាស បន្ទាប់ពី​មាន​ឈ្មួញ​ចាំ​ប្រមូល​ទិញ​ឈើ​ចេញពី​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ​។

ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ធ្លាប់​អះអាងថា ខាង​ក្រុមហ៊ុន​អាន​ម៉ា​ឌី របស់​ឧកញ៉ា អាន ម៉ា​ឌី បាន​ប្រមូល​ទិញ ឈើ​ប្រណីត​ដែល​កាប់​ថ្មីៗ​រួចហើយ​ដឹកជញ្ជូន​យកទៅ​កាន់​កន្លែង​រោង​ម៉ាស៊ីន​អារឈើ​របស់​ក្រុមហ៊ុន​ខាងលើនេះ​ជាច្រើន​ឆ្នាំ​មកហើយ​។​

លោក តាំង អេង មេការ​ក្រុមហ៊ុន អាន ម៉ា​ឌី គឺជា​អ្នក​ចេញមុខ​ក្នុង​ការប្រមូលទិញ​ឈើ​ប្រណីត​ដែល​អារ និង​កាប់រំលំ​ថ្មីៗ​ចេញពី​តំបន់​ឧទ្យាន​ជាតិ វីរ​ជ័យ បន្ទាប់ពី​រូបគេ​បាន​ចាត់ចែង​សូកប៉ាន់​ដល់​សមត្ថកិច្ច អាជ្ញាធរ រួមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។

ពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​ថ្នាក់លើ​មិនមាន​វិធានការ​ទប់ស្កាត់​ទេ ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​នឹងត្រូវ​វិនាស​ហិនហោច​ដោយសារ​ក្រុម​ឈ្មួញ​ទុច្ចរិត​។​
​អាជ្ញាធរ​នៅ​ទីនោះ​និយាយថា ក្រុម ហ៊ុន​អាន ម៉ា​ឌី បានមក​វិនិយោគ​លើដី សម្បទាន​សេដ្ឋកិច្ច​ចាប់តាំងពី​ឆ្នាំ​២០១១ រហូតដល់​បច្ចុប្បន្ន​តែ​គេ​ពុំ​ដឹងថា ការប្រមូលទិញ​ឈើ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ ដែលមាន​លោក តាំង អេង ជា​តំណាង​ពិតជា​មានច្បាប់​អនុញ្ញាត​ឬមួយ​យ៉ាងណា​នោះឡើយ​។​

តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៥ លោក តាំង អេង មេការ​ក្រុមហ៊ុន អាន ម៉ា​ឌី បានធ្វើ​អត្ថាធិប្បាយ​យ៉ាងខ្លី​ថា មិន​ស្គាល់​ក្រុមហ៊ុន និង​មិន​ស្គាល់​កាសែត​អ្វី​ទេ រួច​ក៏​បិទ​ទូរស័ព្ទ​។​
​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ឧទ្យាន​ជាតិ​វីរ​ជ័យ ត្រូវបាន​គេ​អះអាងថា មានការ​បើកភ្លើង​ខៀវ​ពី​ខាង​មន្ដ្រី​បរិស្ថាន​ខេត្ដ​រតនគិរី ទើប​មាន​ករណី​មាន​ការដើរ​ប្រមូល​ទិញ​ឈើ​យ៉ាង​អនាធិបតេយ្យ ជ្រក​ក្រោម​ក្រុមហ៊ុន​បង់ពន្ធ​ស្របច្បាប់ ។​

​បើទោះជា​មានការ​លើកឡើង​បែបនេះ​ក៏ ដោយ​លោក ជូ សុភ័ក្ដ្រ ប្រធាន​មន្ទីរ បរិស្ថាន​ខេត្ដ​រតនគិរី​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា បើតាម​ខ្ញុំ​ដឹង​ដូច​មិនមាន​ការទិញ​-​លក់​ឈើ​នៅ​តំបន់​ឧទ្យាន ជាតិ​វីរ​ជ័យ ទេ ខាង​ក្រុមហ៊ុន​អាន​ម៉ា​ឌី​គាត់ មានច្បាប់​ដូច្នេះ​មួយរយៈ​នេះ​ខ្ញុំ​បាន ប្រមូល​ឈើ​បង់ពន្ធ និង​អារកាត់​ជា​បណ្ដើរៗ​។​
​លោក ជូ សុភ័ក្ដ្រ បន្ដថា ខ្ញុំ​មិន​ហ៊ាន​និយាយថា មាន​អ្នកប្រមូល​ទិញ ឈើ​ខុសច្បាប់​ទេ ព្រោះ​ខ្លាច​អ្នកខ្លះ​ជា ដៃជើង​ខាង​ក្រុមហ៊ុន​លួច​ទិញ​នោះ​ជា រឿង​ផ្សេង ប៉ុន្ដែ​តាមពិតទៅ​ដូច​អត់ មាន​សោះ​ការប្រមូលទិញ​ឈើ​នៅ​ទីនោះ ខណៈ​ក្រុមហ៊ុន​អាន ម៉ា​ឌី មាន​ដី​សម្បទាន ចំនួន​២​កន្លែង​នៅ​ទីនោះ​។​

​គួររំលឹកថា ក្រុមហ៊ុន អាន ម៉ា​ឌី តែងតែបាន​ដឹកឈើ​ផ្ទុក​លើស​ទម្ងន់ កន្លងមក​បណ្ដាលឱ្យ​ខូច​ផ្លូវ​និង​បំផ្លាញ ស្ពាន​(​បណ្ដាលឱ្យ​បាក់​ស្ពានដែក​ស្រែ​ពក​) ដែល​គេ​សង្ស័យថា ឈើ​មួយចំនួន​ប្រមូល​ទិញ​ដោយ​មិន​ស្របច្បាប់​។​

​ករណីនេះ​នគរ​វត្ដ​មិន​ទាច​ទាក់ទង បាន​ទេពី​លោក​ឧកញ៉ា អាន ម៉ា​ឌី កាលពី រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៥ ដោយ គ្មាន​លេខ​ទូរស័ព្ទ​។ ដោយឡែក​លោក វង់ សុខ​សេរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ដ​រតនគិរី​បាន​ប្រាប់​តាម ទូរស័ព្ទ​ថា ក្រុមហ៊ុន​អាន ម៉ា​ឌី មាន​ដី សម្បទាន​សេដ្ឋកិច្ច​នៅ​ស្រុក​អណ្ដូង​មាស ប៉ុន្ដែ​ករណី​មាន​ការប្រមូលទិញ​ឈើ​ខុស ច្បាប់ និង​ដឹកជញ្ជូន​ឈើ​ស្របច្បាប់​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​លោក​មិនដឹង​ទេ ហើយ​រឿងនេះ​អ្នកកាសែត​ត្រូវ​សួរ​ទៅខាង​បរិស្ថាន​៕fpm

mek04

 

 

 

 

 

mn35