ឧត្តរមានជ័យ៖ សមត្ថកិច្ច កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០១៥បានឃាត់រថយន្តកងទ័ពរបស់អង្គភាពយោគភូមិភាគទី៤ ដោយពិនិត្យឃើញមានផ្ទុកឈើប្រណីតប្រភេទធ្នង់នៅលើរថយន្តពេញទាំង២គ្រឿង ស្ថិតនៅលើកំណាត់ផ្លូវជាតិ RP១៧៤ ក្នុងភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ប៉ុន្តែបន្តិចក្រោយមកក៏ដោះលែងទៅវិញ។
រថយន្តរបស់យោធភូមិភាគទី៤ដឹកឈើប្រណីតខាងលើ ត្រូវបានគេដឹងថាឈើនេះដឹកជញ្ជូនចេញពីចំណុចរលំជើងស្ពាន ក្នុងភូមិទំនប់ខ្នុរ ឃុំ ស្រុកត្រពាំងប្រាសាទ ឆ្ពោះទៅចំណុចអូរកូនតឹង ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលជាទីបញ្ជាការ។
សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើខាងលើត្រូវបានប្រជាពលរដ្ឋរិះគន់ ថា អ្នកមានអំណាចពិតជាធ្វើអ្វីៗបានតាមតែអំពើចិត្តជាក់ស្ដែង ការដឹកជញ្ជូនឈើប្រណិតទាំងថ្ងៃគ្មានអ្នកណាហ៊ានប៉ះពាល់ ។ រីឯប្រជាពលរដ្ឋទៅធ្វើសកម្មភាពកាត់អារឈើនិងដឹកជញ្ជូនតាមរយៈគោ យន្តបន្តិចបន្តួចត្រូវជេរប្រមាថ មើលងាយចាប់ដាក់ពន្ធធនាគារពីស្ថាប័នមានសមត្ថកិច្ចគំរាមកំហែងដូច សត្វធាតុដែលត្រូវបានគេចាត់ទុកករណីខាងលើជាករណីអយុត្តិធម៌ចំពោះ ប្រជាពលរដ្ឋក្រីក្រនិងអ្នកមានអំណាច។
បើតាមការអោយដឹងពីសមត្ថកិច្ចការដឹកជញ្ជូនឈើប្រណីតតាមរយះ រថយន្តGMCរបស់អង្គភាពយោធភូមិភាគទី៤នាពេលកន្លងមកតែងតែដឹក ជញ្ជូនឈើជាញឹកញាប់ចូលទៅក្នុងទីបញ្ជាការចំណុចភូមិអូរគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មេបញ្ជាការរងយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ នួន នូវ បានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៨ ខែកុម្ភៈថា ឈើទាំងអស់ត្រូវបានមេឲ្យដឹកយកទៅធ្វើ តុ កៅអី ក្នុងសាលប្រជុំនៅបន្ទាយអូរកូនតឹង៕fpm