យោធា​ហ្វីលីពីន​សម្លាប់ពួក​បះបោរ​៣៦​នាក់​​នៅ​កោះ​មិនដាវណាវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2017 ក+ ក-

​ហ្វីលីពីន​៖​នៅក្នុង​ប្រតិបត្តិការ​តាមផ្លូវ​អាកាស និង​តាម​ផ្លូវគោក​រយៈពេល​៣​ថ្ងៃ​របស់​យោធា​ហ្វីលីពីន នៅលើ​កោះ​ភាគខាងត្បូង​ប្រទេស​បានសម្លាប់​ពួក​បះបោរ​៣៦​នាក់​ដែលមាន​ទំនាក់ទំនង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ព្រមទាំង​ដណ្ដើមបាន​មូលដ្ឋាន​ពួក​បះបោរ​ផងដែរ​។

ការ​វាយ​ប្រហារ​គ្នា​ថ្មី​នេះ ដែល​បាន​កើត​ឡើង​នៅ​លើ​កោះ​មិនដាវណាវ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នៅ​ពេល​ទាហាន​ឡោម​ព័ទ្ធ​មូលដ្ឋាន​ពួក​ឧទ្ទាម​មួយ ដែល​ការពារ​ទៅ​ដោយ​ទាហាន​ប្រហែល ១៥០​នាក់។​
​ឧត្ដមសេនីយ៍​យោធា​ហ្វីលីពីន​លោក Roland Bautista និយាយថា កម្លាំង​សន្តិសុខ​ហ្វីលីពីន​ភាគច្រើន​ជា​គ្រី​ស្ត​បរិស័ទ បាន​ប្រយុទ្ធ​ជាមួយ​ពួក​បះបោរ​បំបែក​ខ្លួន​មូស្លីម​អស់​រាប់​សតវត្សរ៍​មក​ហើយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ កិច្ចខិតខំ​កសាង​សន្តិភាព បាន​នាំទៅរក​ការកាត់បន្ថយ​ការប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​ធំៗ ប៉ុន្តែ ក្រុម​បះបោរ​តូចៗ បែរជា​បង្កើន​ការវាយប្រហារ​ទៅវិញ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
មេបញ្ជាការ​កងទ័ព​លោក​ឧត្ដមសេនីយ៍ Roland Bautista បញ្ជាក់ថា ទាហាន​ដណ្ដើមបាន​មូលដ្ឋាន​ដ៏​សំខាន់​របស់​ពួក​បះបោរ និង​បំផ្លាញ​ពួក​បះបោរ​យ៉ាង​ធំធេង ប៉ុន្តែ​មាន​ទាហាន​រដ្ឋាភិបាល​តែ ៣​នាក់​ប៉ុណ្ណោះ​ដែល​រងរបួស​៕

1