កូរ៉េខាងត្បូង៖សម្ភារៈការពារមីស៊ីល THAAD របស់អាមេរិក ត្រូវបានគេដឹកបញ្ជូនដល់ទីតាំងដែលត្រូវដាក់ពង្រាយនៅក្នុងប្រទេសកូរ៉េខាងត្បូងហើយកាលពីម្សិលមិញនេះ គ្រាដែលកំពុងមានភាពតានតឹង ខ្លាំងជុំវិញកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ដំណើរទៅដល់នៃរថយន្តសណ្ដោង៦គ្រឿងដែលដឹកសម្ភារៈការពារមីស៊ីល THAAD របស់អាមេរិក នៅឯទីតាំងវាយកូនហ្គូលនោះ បានបង្កឲ្យមានការប៉ះទង្គិចគ្នារវាងអ្នកស្រុក និងប៉ូលិសផងដែរ។
ក្រុងវ៉ាស៊ីងតោន និងក្រុងសេអ៊ូល កំពុងតែដាក់ពង្រាយប្រព័ន្ធ THAAD ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង ដែលកំពុងតែជំរុញកម្មវិធីផលិតគ្រាប់មីស៊ីលរបស់ខ្លួន បើទោះបីជារងទណ្ឌកម្មជាច្រើនពីអង្គការសហប្រជាជាតិក៏ដោយ។ ប្រព័ន្ធ THAAD គឺជាប្រព័ន្ធតាមចាប់ និងបំផ្លាញគ្រាប់មីស៊ីលរយៈចម្ងាយខ្លី និងរយៈចម្ងាយមធ្យម ក្រោយពីវាត្រូវបានបាញ់ចេញ។
ជុំវិញការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ប្រទេសចិនបានជំទាស់យ៉ាងខ្លាំងទៅនឹងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនេះ ដោយបារម្ភថា វានឹងធ្វើឲ្យអន្តរាយដល់អំណាចយោធារបស់ខ្លួន៕