សេអ៊ូល ៖ នៅព្រឹកថ្ងៃចន្ទនេះកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួនដែលនេះគឺជាសញ្ញាណថ្មីមួយអាចបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងនៃរដ្ឋាភិបាលកូរ៉េខាងត្បូង។ នេះបើតាមសេចក្តីរាយពីការណ៍របស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
យោងតាមយោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីលនេះអាចជាប្រភេទមីស៊ីល Scud ត្រូវបានបាញ់នៅម៉ោងប្រមាណ៥ និង៣៩នាទីព្រឹក ចេញពីតំបន់ Wonsan នៃខេត្ត Kangwon មុនធ្លាក់ ចូលក្នុងសមុទ្រជប៉ុន ហើយវាអាចហោះបានចំងាយ៤៥០គីឡូម៉ែត្រ។ ក៏ប៉ុន្តែយោធាកូរ៉េខាងត្បូង មិនទាន់បញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ ដោយគ្រាន់តែនិយាយថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការវិភាគលើគ្រាប់មីស៊ីលនេះ។
គួរបញ្ជាក់ថា ការធ្វើតេស្ដនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំ G7 ចាត់ទុកថា ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺជា ការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ហើយបានព្រមានថា នឹងចាត់ធានការយ៉ាងតឹងរ៉ឹងផងដែរ៕