គ្រោះទឹកជំនន់​នៅ​ជប៉ុន​សម្លាប់​មនុស្ស​២១​នាក់ ខណៈ​ជាង​២០​កំពុង​បាត់​ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2017 ក+ ក-

តូ​ក្យូ ៖ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់​២១​នាក់​ហើយ ខណៈដែល​ជាង​២០​នាក់​ទៀត​នៅតែ​បន្ត​បាត់​ខ្លួន​នៅឡើយ ក្នុង​គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ ព្រមទាំង​បង្ក​ជាកា​រអិល​បាក់​ដី​ផងដែរ​នៅ​កោះ​គ្យូ​ស៊ុ ភាគខាងត្បូង​ប្រទេស​ជប៉ុន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួរ​។​
​កងកម្លាំង​ស្វ័យការពារ​រួមជាមួយ​ភ្នាក់ងារ​ស្វែងរក និង​ជួយសង្គ្រោះ​ជាង ២,០០០​នាក់ បាននិងកំពុង​បន្ត​ប្រតិបត្តិការ​នៅក្នុង​ខេត្ត Fukuoka និង ខេត្ត Oita ដែល​ស្ថិតនៅលើ​កោះ​គ្យូ​ស៊ុ គ្រា​ដែល​ប្រជាជន​ប្រមាណ​១,៧០០​នាក់ កំពុង​បន្ត​ស្ថិតក្នុង​ទីជម្រក​ភៀសខ្លួន​បណ្តោះអាសន្ន​ដដែល​។
​ដោយឡែក​បើតាម​ក្រសួង​ដែនដី និង​ដឹកជញ្ជូន​ជប៉ុន គ្រោះ​រអិល​បាក់​ដី បានកើត​ឡើង​៤១​កន្លែង និង​គ្រោះទឹកជំនន់​វាយប្រហារ​លើ​តំបន់​ចំនួន​៣៨​ទីតាំង​នៃ​ខេត្ត Fukuoka, Kumamoto, Oita រួមទាំង​ខេត្ត Saga៕

170708141142-03-kyushu-floods-exlarge-169