រុស្ស៊ី​ត្រៀមបណ្ដេញ​មន្ត្រី​ទូត​អាមេរិក​៣០​នាក់​ចេញពី​ប្រទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2017 ក+ ក-

​មូ​ស្គូ ៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​ថ្លែងថា ទីក្រុង​មូ​ស្គូ​កំពុង​គិតពិចារណា​លើ​ការចាត់​វិធាន​ឆ្លើយតប​ជាក់ស្ដែង​ចំពោះ​ការបណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​៣៥​នាក់​ចេញពី​ទីក្រុង​វ៉ាស៊ីនតោន ដោយ​រដ្ឋបាល​អតីត​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ចុងឆ្នាំ​២០១៦​។ នេះ​បើតាម​សារព័ត៌មាន Sputnik​។​
​ការលើកឡើង​របស់លោក Sergei Lavrov បែបនេះ​ធ្វើឡើង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​នៅឯ​ទីក្រុង Mauerbach ប្រទេស​អូទ្រីស គ្រា​ដែល​លោក​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ បរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ OSCE (Organization for Security and Co-operation in Europe)​។ ប្រមុខ​ការទូត​រុស្ស៊ី​រូបនេះ បាន​គូសបញ្ជាក់​ដូច​ច្នេះ​ថា​៖ «​បច្ចុប្បន្ន យើង​កំពុង​គិតពិចារណា​លើ​វិធា​នា​ការឆ្លើយតប​ជាក់ស្ដែង​ចំពោះ​ការបណ្ដេញ មន្ត្រី​ទូត​រុស្ស៊ី​៣៥​នាក់ …​ហើយ​ខ្ញុំ​ក៏​មិន​គិត​ដែរ​ថា​រឿងនេះ​ត្រូវ​ចេញផ្សាយ​ជា​សាធារណៈ​»​។​
​ដោយឡែក​បើតាម​សារព័ត៌មាន​រុស្ស៊ី Izvestia ទីក្រុង​មូ​ស្គូ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​បណ្ដេញចេញ​មន្ត្រី​ទូត​អាមេរិក​ជិត ៣០​នាក់ ក៏ដូចជា​រឹបអូស​ទ្រព្យសម្បត្តិ​របស់​សហរ​ដ្ឋ​អាមេរិក នៅក្នុង​ប្រទេស​រុស្ស៊ី​។
​គួរ​បញ្ជាក់ថា វិធានការ​ទាំងនេះ អាច​នឹងត្រូវ​ធ្វើឡើង​ដើម្បី​ជាការ​សង​សឹង​ទៅនឹង​ការសម្រេចចិត្ត របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​៣៥​នាក់ និង​គ្រួសារ ចេញពី​ទីក្រុង​វ៉ាស៊ីនតោន ក្រោម​ហេតុផល​ថា​ទីក្រុង​មូ​ស្គូ បាន​លូកដៃ​ចូលក្នុង​កិច្ចការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ​២០១៦៕

1055344851