មូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីម្សិលមិញថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការចាត់វិធានការស្របច្បាប់សងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីជំនួបប្រជុំក្នុងទីក្រុងវ៉ាស៊ីនតោន បញ្ចប់ទៅដោយគ្មានលទ្ធផល ពាក់ព័ន្ធនឹងការទាមទារឱ្យទីក្រុងវ៉ាស៊ីនតោន ប្រគល់កម្មសិទ្ធិទូតរុស្ស៊ីក្នុងទីក្រុងញូយ៉ក និងរដ្ឋម៉ារីលែន ដែលត្រូវបានរឹបអូសត្រឡប់មកវិញ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា «រុស្ស៊ីបញ្ជាក់ជាថ្មីឡើងវិញថាបើសិនជា ទីក្រុងវ៉ាស៊ីតោនមិនព្រមប្រគល់កម្មសិទ្ធិទូតរុស្ស៊ី ត្រឡប់មកវិញទេនោះ ឬក៏នៅតែបង្កជាឧបសគ្គដល់ស្ថាប័នទូតរបស់យើង នោះយើងនឹងប្រើប្រាស់សិទ្ធិស្របច្បាប់ចាត់វិធានាការសងសឹក ឱ្យខានតែបាន»។
ទីក្រុងមូស្គូបានបញ្ជាក់ថាខ្លួនពិតជាមានការរំពឹងជាខ្លាំងទៅលើកិច្ចប្រជុំកាលពីថ្ងៃចន្ទ រវាងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov និងសមាភាគីអាមេរិក លោក Thomas Shannon ស្ដីពីជម្លោះការទូតរវាងប្រទេសទាំងពីរ ប៉ុន្តែនៅចុងបញ្ចប់គ្មានដំណោះស្រាយណាមួយត្រូវបានឯកភាពគ្នានោះឡើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍ ។
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញបទបញ្ជាឲ្យធ្វើការបណ្តេញមន្ត្រីទូតរុស្ស៊ីចំនួន ៣៥នាក់ ដែលសង្ស័យថា បានលួចស៊ើបយកការណ៍នៅសហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានបិទទីតាំងអគារចំនួនពីរកន្លែង ដែលជាកម្មសិទ្ធិរបស់ស្ថានទូតរុស្ស៊ីផងដែរ៕