សភា​អ៊ីរ៉ង់​អនុម័ត​ច្បាប់​ប្រឆាំងទណ្ឌកម្មសេដ្ឋកិច្ច​របស់​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 July, 2017 ក+ ក-

​តេ​ហេ​រ៉ង់ ៖ សភាជាតិ​អ៊ីរ៉ង់​បានអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​មួយ​ដែលមាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​សកម្មភាព​អាមេរិក​ក្នុងការ​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាថ្មី​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik​។​
​ការអនុម័ត​ច្បាប់​នេះ​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ពី​ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មី​មួយ​ប្រឆាំងនឹង​ទីក្រុង​តេ​ហេ​រ៉ង់ ទាក់ទិន​នឹង កម្មវិធី​មី​ស៊ី​ល​ផ្លោង និង​ការចូលរួមចំណែក​បង្ក​ឱ្យមាន​ភាព​តានតឹង​នៅក្នុង​តំបន់​។
​ជុំវិញ​ច្បាប់​ថ្មី​នេះដែរ អ្នកនាំពាក្យ​សភា​អ៊ីរ៉ង់ លោក Ali Larijani បាន​ថ្លែងថា ការបោះឆ្នោត​នេះ​គឺ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​ប្រជាជន​អ៊ីរ៉ង់ នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​សកម្មភាព​អាមេរិក​…​ហើយ​រដ្ឋបាល​អាមេរិក ត្រូវតែ​ទទួល ស្គាល់​សារ​របស់​យើង​ថា​ការចាត់វិធានការ​ប្រឆាំង​នឹង​អ៊ីរ៉ង់ នឹងត្រូវ​សង​មកវិញ​នូវ​តម្លៃតបស្នង​យ៉ាង​សាក​សម​។ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា សមាជិកសភា​អ៊ីរ៉ង់ ២១២​នាក់ បាន​បោះឆ្នោត​អនុម័ត​លើ​ច្បាប់​ប្រឆាំង​សហរដ្ឋអាមេរិក ហើយ​បើតាម​ច្បាប់​នេះ ទីក្រុង​តេ​ហេ​រ៉ង់ បាន​យល់ព្រម​ទម្លាក់​កញ្ចប់​ថវិកា ២៦០​លាន ដុល្លារ​បន្ថែម​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​មី​ស៊ី​ល​ផ្លោង និង​ចំនួន​ទឹកប្រាក់​ដូចគ្នានេះ​នឹងត្រូវ​ចំណាយ​ទៅលើ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ផងដែរ​៕

fn-2017-07-18-23-19-38-0