កាំភ្លើងត្បាល់​និង​គ្រាប់​រ៉ុក្កែត​ដែល​ថៃ​ចាប់​បានជា​អាវុធ​ទិញ​ពី​ភាគី​ខ្មែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2017 ក+ ក-

​ប្រទេស​ថៃ ៖ តាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា តម្រួត​ថៃ​បាន​ចាប់​អាវុធ​ត្បាល់​ធុន​ធ្ងន់ និង​គ្រាប់​រ៉ុក្កែត​មួយចំនួន​នៅក្នុង​ខេត្ត​ស្រះកែវ ដែល​អាវុធ​ទាំងនោះ​ត្រូវបាន​ជនសង្ស័យ​ឆ្លើយ​សារភាពថា បាន​យក​ពី​ខាង​ទឹកដី​កម្ពុជា​ដោយ​ភាគី​ខ្មែរ​ជា​អ្នក​ផ្តល់ឱ្យ ខណៈដែល​ជនសង្ស័យ​ចំនួន​៥​នាក់​បានធ្វើការ​ដឹកជញ្ជូន​អាវុធ និង​គ្រាប់រំសេវ​ទាំងនេះ​ចេញពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ចូលទៅ​ក្នុងប្រទេស​ថៃ​ដោយបាន​ឆ្លងកាត់​ខេត្ត​ស្រះកែវ ក៏ត្រូវ​កំលាំង​ស្ទាក់ចាប់​តែម្តង ។​
​យោងតាម​របាយការណ៍​ដែល​យើង​ទទួលបាន​គឺ​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​យប់ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ កំលាំង​ស្នងការដ្ឋាន​តម្រួត​ខេត្ត​ស្រះកែវ​បាន​ចុះ​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន ស្រុក​អារញ្ញ​ប្រាថេត​និង​កំលាំង​អធិការដ្ឋាន ស្រុក​មឿង​ស្រះកែវ បានចេញ​ប្រតិបត្តិការ​បន្ទាប់ពី​ទទួលបាន​នូវ​សេចក្តីរាយការណ៍​ស្តីពី​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ ។​
​កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅត្រង់ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយកន្លែង​នៅលើ​កំណាត់​ផ្លូវ​លេខ​៣៥៩ ក្នុងភូមិ​៧ ឃុំ​ស្រះ​ខ្វាន់ ស្រុក​មឿង​ស្រះកែវ ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ខណៈដែល​រថយន្ត​រប​ស់មុខ​សញ្ញា​ចំនួន​៣​គ្រឿង​បានបង្ហាញ​ខ្លួន​នៅ កន្លែង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើនេះ ។ ក្រោយពេល​ធ្វើការ​ឡោមព័ទ្ធ​ពី​កំលាំង​តម្រួត​ថៃ​គឺ​ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវបាន​ចាប់ខ្លួន​ដែល​ពួកគេ​ទាំងនោះ​មានឈ្មោះ ទី​១-​ឈ្មោះ ផា​ណា ឆៃ​គង់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ទី​២-​ឈ្មោះ ប៊ុន​ថាំ ជ័យជំនះ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​, ទី​៣-​ឈ្មោះ ខុម​សាន់ កិច្ច​ថា​វ៉ន​អាជីព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ , ទី​៤-​ឈ្មោះ ឧទ័យ ជ័យជំនះ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង​ទី​៥-​ឈ្មោះ មានជ័យ កាន់​ប្រៈ​សុំ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។​
​សមត្ថកិច្ច​បាន​ឆែកឆេរ និង​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ទាំង​៣​គ្រឿង​គឺ​បាន​រកឃើញ​វត្ថុតាង​មួយចំនួន​ដែល​សុទ្ធសឹងតែ​ជា​អាវុធ​ធុន​ធ្ងន់​ទាំងអស់​ដែល​ក្នុងនោះ​រួមមាន កាំភ្លើង​ផ្លោង​ធុន​៨២​មី​ល្លី​ម៉ែត្រ​ចំនួន​២​ដើម​, កាំភ្លើង​ផ្លោង​ធុន​៨១​មី​ល្លី​ម៉ែត្រ​ចំនួន​១​ដើម​, គ្រាប់ផ្លោង​ធុន​៨២​មី​ល្លី​ម៉ែត្រ​ចំនួន​៣​គ្រាប់​, គ្រាប់​រ៉ុក្កែត​ដុត​ឆ្នួន​ចំនួន​៣​ឈុត​, រថយន្ត​ចំនួន​៣​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​៦​គ្រឿង ។​
​កំលាំង​តម្រួត​ថៃ​បាន​ចាត់​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុតាង ទៅកាន់​
​ស្នងការ ខេត្ត​ស្រះកែវ ក្នុងការ​សាកសួរ​បន្ថែ​ម​ជុំវិញ​ការនាំ​អាវុធ​ដោយ​ខុសច្បាប់​នេះ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​បន្ត​បើក​ការស្រាវជ្រាវ​ថា តើ​អាវុធ​ទាំងនេះ​យកមក​ពី​ប្រភព​ណា ហើយ​ពួកគេ​នាំយក​ទៅណា អោយបាន​ច្បាស់ ៕

25ceee21-dc3d-494d-9dd4-88ca05ba56694f762ec3-a867-4bb3-b5f9-950258381187