ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​របស់​ថៅកែ​ឈ្មោះ ចែ មុំ ហៅ​ម៉ាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2017 ក+ ក-

​ខេត្តក្រចេះ ៖ មេព្រៃ​សង្កាត់​ស្នួល ចាប់បាន​រថយន្ត​សាំ​យ៉ុង​០១​គ្រឿងក្នុង​ចំណោម​០២​គ្រឿង របស់​ថៅកែ​ឈើ​ឈ្មោះ ចែ មុំ ហៅ​ម៉ាប់ ខណៈដែល​មេព្រៃ​សង្កាត់​ថ្ម​គ្រែ កំពុងតែ​សប្បាយចិត្ត​ដេកចាំ​យកលុយ តែ​មិន​បង្ក្រាប​។​
​កាលពី​វេលា​ម៉ោង​៤​ នឹង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧ មេព្រៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ធ្វើការ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​សុក្រ​ម​ឃ្លុម បួន​ជ្រុង​ទ្រវែង​មានមុខ​កាត់​៣០​ទៅ​៤០​សម និង​ប្រវែង​៣​ម៉ែត្រ​ទៅ​៣​ម៉ែត្រ​កន្លះ ១​គ្រឿង ក្នុងចំណោម​រថយន្ត​២​គ្រឿង ស្ថិតនៅ​ចំនុច​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​ដឹក​លោតឆ័ត្រ​បំរុង​យកទៅលក់​ក្នុងប្រទេស​វៀតណាម តាម​ច្រក​ត្រពាំង​ស្រែ ។
​ប្រភព​ច្បាស់​ការណ៍ បានអោយដឹងថា រថយន្ត​ដឹកឈើ​ខាងលើនេះ គឺ​បាន​ដឹកឈើ​ចេញពី​ចំនុច​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដោយ​ដឹក​ឆ្លង​កាត់មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ តាមផ្លូវ​ជាតិ​លេខ​៧ ក្រចេះ ស្នួល លោតឆ័ត្រ​គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ឡើយ បំណង​យកទៅលក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​ណា​ម្នាក់ ចុះបង្ក្រាប​ចាប់​រថយន្ត​បាន​ម្តង​ឡើយ​។ ផ្ទុយទៅវិញ គឺ​ចាំតែ​ដេក​យកលុយ​បទល្មើស ជាពិសេស​រថយន្ត​ដឹកឈើ​របស់​ចែ មុំ ហៅ​ម៉ាប់ នេះ​តែម្តង ដឹកជញ្ជូន​រាល់​យប់​ប៉ុន្តែ​មិនដែល​ឃើញ​មេព្រៃ​ថ្ម​គ្រែ​បង្ក្រាបបាន​ម្តង​ទេ មិនដឹងថា​យ៉ាងម៉េច​? ប៉ុន្តែ​ជា​អកុសល ត្រូវបាន​ជាប់អន្ទាក់​ស​ម​ត្ថ​កិច្ច​ចម្រុះ​នៅ​ទីរួមស្រុក​ស្នួល ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ។​
​ប្រភពពី​សមត្ថកិច្ច បាន​ខ្សឹបប្រាប់​អោយ​ភ្នាក់ងារ​មេគង្គ​ប៉ុស្ដិ៍ ដឹងថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ខាងលើនេះ គឺជា​កម្ម​សិទ្ធ​របស់​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ឈ្មោះ​ចែ មុំ ហៅ ចែ​ម៉ាប់ ដែលមាន​ប្តី​ឈ្មោះ ធី រស់នៅ​ភូមិ​អន្តែង​ដូន សង្កាត់​ក្រគរ ក្រុង​ក្រចេះ និង​ជា​ឈ្មួញ​ឈើ​ដុះ​ស្លែរ​យូរ​ឆ្នាំ​មកហើយ គ្មាន​សមត្ថកិច្ច​ជំនាញ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​ប​ង្ល្រា​ប​ឡើយ​កន្លងមក ព្រោះតែ​អំណាច​មាន បងប្អូន ធ្វើការ​ធំ​នៅក្នុង​ខេត្តក្រចេះ ហើយ​តែងតែ​ជេរ​បញ្ចោរ និង​ប្រើ​សម្តី​មើលងាយមើលថោក​មកលើ​សមត្ថកិច្ច​រហូត​នាពេល​កន្លងមក ប៉ុន្តែ​ថ្ងៃនេះ​ត្រូវអស់​លក្ខណ៍ ជាប់អន្ទាក់​មេព្រៃ​សង្កាត់​ស្នួល​តែម្តង ។​
​លោក ឡាយ ធុច នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​បានបញ្ជាក់​អោយដឹងថា ក្នុង​ការចាប់​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ខាងលើ គឺ​សមត្ថកិច្ច​មិនបាន​ឃាត់​អ្នកបើកបរ​ឬ​ម្ចាស់​ឈើ​បាន​នោះឡើយ ព្រោះថា ពួកគេ​បាន រត់គេចខ្លួន​បាត់​មុនពេល​កម្លាំងចម្រុះ​មកដល់ ។​
​លោក​បាន​បន្តទៀតថា ពេលនេះ​ទាំង​រថយន្ត និង​ឈើ​ល្មើសច្បាប់​ត្រូវបាន​កម្លាំង​មន្ត្រីរ​ដ្ខ​បាល ព្រៃឈើ​នាំមក​កាន់​ស្នាក់ការ​សង្កាត់រដ្ឋបាល ព្រៃឈើ​ស្នួល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ ក្រោយពេល​ត្រួតពិនិត្យ​ជាក់ស្តែង​ឃើញថា ឈើ​ក្នុង​រថយន្ត​មាន​ចំនួន​០៩​ដុំ ហើយ​វាស់​ឃើញ​បរិមាណ​ជិត​២​ម៉ែត្រគូប ៕

20668887_1917204515184776_1406864990_n20645941_1917204511851443_1449345158_n 20645975_1917204505184777_1746725723_n 20668389_1917204508518110_1071877172_n