តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រូហានី កាលពីម្សិលមិញបាននិយាយថា នឹងដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានចុះហត្ថលេខាជាមួយបណ្តាប្រទេសមហាអំណាចពិភពលោក កាលពីឆ្នាំ២០១៥ បើអាមេរិក នៅតែបន្តដាក់ទណ្ឌកម្មថ្មីជាបន្តបន្ទាប់ទៀតនោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
លោក Rouhani បានព្រមានថា អ៊ីរ៉ង់បានត្រៀមចិត្តត្រៀមកាយរួចជាស្រេច ដើម្បីចាកចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលប៉ុន្មានឆ្នាំកន្លងទៅនេះ បានជួយដកទណ្ឌកម្មអន្តរជាតិជាច្រើន ចេញពីទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ។ លោកប្រធានាធិបតីអ៊ីរ៉ង់បានបន្ថែមថា អ៊ីរ៉ង់ ពិតជាចង់នៅបន្តគោរពតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥នេះ ដែលរូបលោកបានចាត់ទុកជា គំរូនៃភាពជោគជ័យមួយ សម្រាប់សន្តិភាព និងការទូតទៅលើសង្គ្រាម និងឯកតោភាគីនិយម ក៏ប៉ុន្តែវាពុំមែនជាជម្រើសតែមួយគត់នោះឡើយ។ លោក Rouhani បានបន្តថា «លោក ដូណាល់ ត្រាំ បានស្តែងឲ្យឃើញថា លោកពុំអាចធ្វើជាដៃគូគួរឲ្យចិត្តបាន មិនត្រឹមសម្រាប់អ៊ីរ៉ង់ប៉ុណ្ណោះទេ តែសម្រាប់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកថែមទៀតផង»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក Hassan Rouhani ត្រូវបានធ្វើឡើង ស្របពេលដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ៥+១ គឺសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិរួមមាន ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បូកជាមួយនិងអាល្លឺម៉ង់ កំពុងតែមានសម្ពាធកើនឡើង៕