រដ្ឋបាល​ក្រុងភ្នំពេញ ប្រើ​ធម៌​ក្តៅ​លើ​ទីតាំង​កុងស៊ី​អត់​ច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2017 ក+ ក-

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង បានស្នើ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១២ ត្រូវ​ត្រួតពិនិត្យ​ទីតាំង​កុងស៊ីបញ្ចាំ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​ចាត់វិធានការ ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម ត្រូវ​បញ្ឈប់ បិទ​កុងស៊ីបញ្ចាំ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​ចាត់វិធានការ​បិទ​ភ្លាម និង​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​បញ្ឈប់​ជាបន្ទាន់ ឬ ទៅសុំ​ច្បាប់​សាជាថ្មី ដោយ​មន្ត្រី​ទាំងអស់ អនុវត្ត​ការងារ​នេះ​ឱ្យបាន​ម៉ឺងម៉ាត់​ជាទីបំផុត ។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បានលើកឡើង​បែបនេះ​ក្នុងពេល​លោក​ដឹកនាំ​កិច្ចប្រជុំ ស្តីពី ការធ្វើ​ឲ្យ​មាន​វឌ្ឍនភាព នៃ​ការ​តម្លើង​កា​ម៉េ​រា​សុវត្ថិភាព ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​លោក​អភិបាលខណ្ឌ​ទាំង​១២​និង​ប្រធាន​មន្ទីរជំនាញ​ជាមួយ​តំណាង​ក្រុមហ៊ុន​ឯកជន​ទាំងពីរ​ខាងលើ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​
​លោក​អភិបាល​បញ្ជាក់ទៀតថា ក្នុងករណី​ដែល​មិន​ព្រមស្តាប់​តាម​ការណាំ​នាំ​ទេ អភិបាលខណ្ឌ​ខ្លួនឯង​ត្រូវមាន​វិធានការ​រដ្ឋបាល បិទ​ទីតាំង​កុងស៊ីបញ្ចាំ​នោះ​តែម្តង​។ ដូចគ្នានេះដែរ​បើទោះជា​ទី​តាំងហាង​បញ្ចាំ ឬ ក៏​កុងស៊ីបញ្ចាំ មានច្បាប់​ក៏ដោយ ត្រូវធ្វើ​ការត្រួតពិនិត្យ​ផងដែរ ដើម្បី​អោយដឹងថា ការអនុវត្ត​ច្បាប់​លើ​កុងស៊ីបញ្ចាំ នេះ​មាន​លក្ខណ​គ្រប់​ជ្រុងជ្រោយ​ហើយ​ឬ​នៅ​? ។​
​លោក​អភិបាល​បាន​លើក​ជា​ឧ​ទារ​ណ៍ ចំពោះ​កុងស៊ី​របស់​ពួកគាត់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ក្នុងការ​ប្រកប​អាជីវកម្ម​បញ្ចាំ ប៉ុន្តែ​មាន​ករណី​យក​របស់របរ រថយន្ត ម៉ូតូ ដោយ​គ្មាន​លិខិតស្នាម​បញ្ជាក់​អំពី​ភាពជា​ម្ចាស់​ទ្រព្យសម្បត្តិ​ទាំងអស់នេះ ដោយ​កុងស៊ី​មួយចំនួន​ក៏​ទទួលយក​ដែរ ។ បញ្ហា​នេះ​ជាការ​បង្ហាញ​អំពី​ការមិន​ទទួលខុសត្រូវ​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងសង្គម ដូចជា​ករណី​ចោរលួច ចោរប្លន់ ក្រោយ​ពេលធ្វើ​សកម្មភាព​បាន​ហើយ គឺ​មិនមាន​ឯកសារ​លើ​ទ្រព្យសម្បត្តិ​នោះទេ ហើយ​កុងស៊ី​ទាំងអស់នោះ​ហើយ គឺជា​អ្នករកស៊ី​ទទួល​បញ្ចាំ​និង​ទិញ​ផល​ចោរកម្ម​នេះ ។​
​យ៉ាងណា​លោក​អភិបាល​រាជធានី បាន​សង្កត់ធ្ងន់​ចំពោះ​រដ្ឋបាល​ខណ្ឌ​ទាំងអស់ ត្រូវ​លុបបំបាត់ និង​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ស្អាត ក្នុង​រយៈពេល​យ៉ាងយូរ​២​សប្តាហ៍ ហើយ​ការកំណត់ រយៈពេល​២​សប្តាហ៍​នេះ គឺ​ដើម្បី​ឲ្យ​ខណ្ឌ​ទាំង​១២ ចាត់តាំង​អនុវត្តន៍ ទៅលើ​ការងារ​កុងស៊ីបញ្ចាំ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព និង​ចៀស​ឲ្យ​បាន​និង​បញ្ឈប់​វប្បធម៌​អន្តរាគមន៍​។
​សូមបញ្ជាក់​ផងដែរ​ថា ក្រោ​ពី​មាន​បទបញ្ជា​នេះ មាន​ហាង​បញ្ចាំ​ខ្លះ រត់គេច​ដោយ​ដឹក​ម៉ូតូ​ចេញទៅ​ខណ្ឌ​ក្រៅ​ក្រុង ប៉ុន្តែ​ត្រូវបាន លោក ឃួ​ង បញ្ជា​ភ្លាម​ដល់​អភិបាលខណ្ឌ​ទាំងអស់ ត្រូវតែ​តាម​ចាប់​ឲ្យ​បាន​ទាំង​ម្ចាស់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង ។ អនុវត្តតាម​ការណែនាំ​នេះ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា​នេះ អាជ្ញាធរ​ខណ្ឌទួលគោក ដឹកនាំ​ដោយ លោក ប៉ាង លីដា អភិបាលខណ្ឌ បាន​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​ហាង​បញ្ចាំ​ក្នុង​មូលដ្ឋាន បាន​រកឃើញ​ម៉ូតូ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​ចំនួន​៤២​គ្រឿង បញ្ជូនទៅ​ប៉ូលីស​ក្រុង ហើយ​កុងស៊ី​ដែល​មិនមាន​ច្បាប់​អនុញ្ញាតិ​ក៏ត្រូវ​បាន​បិទ​អាជីវកម្ម​បណ្តោះអាសន្ន​ផងដែរ​។​
​ដោយឡែក​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ លោក ប៉ឹ​ល កុសល អភិបាល បាន​បង្កើត​គណៈកម្មកា​រ​ចំរុះ​ចុះ​ឆែកឆេ ឃ្លាំង​រក្សាទុក​នូវ​ម៉ូតូ​និង​រថយន្ត របស់​ហាង​ទទួល​ដាក់បញ្ចាំ ឬ​ហៅថា​”​កុងស៊ី​”​មួយកន្លែង រកឃើញ​ម៉ូតូ​និង​ឡាន​៨៤​គ្រឿង នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​គេ​សង្ស័យថា មិន​ស្របច្បាប់ ឬ អាចមាន​ការពាក់​ព័​ន្ឋ​ទទួលផល​ចោរកម្ម​។​
​ក្នុង​ប្រតិបត្តិ​ការឆែកឆេ​នេះដែរ សមត្ថកិច្ច​បាន​រកឃើញ​ម៉ូតូ​គ្រប់​ប្រភេទ​និង​ស៊េរី​ទំនើប​ចំនួន​៧៤​គ្រឿង និង​រថយន្ត​ចំនួន​១០​គ្រឿង​ទៀត ដែល​ក្នុងចំណោម​នោះ គេ​រកឃើញ​មាន​ម៉ូតូ​ចំនួន​៥១​គ្រឿង គ្មាន​ផ្លាកលេខ​និង​ឯកសារ​គ្រប់គ្រាន់ ចំណែកឯ​រថយន្ត​១០​គ្រឿង​មាន​ឯកសារ​គ្រប់គ្រាន់​ចំនួន​២​គ្រឿង​។ ក្រៅពីនេះ​កម្លាំង​មាន​សមត្ថកិច្ច​តាម​ខណ្ឌ​នីមួយៗ កំពុង​បន្ត អនុវត្ត​បទបញ្ជា​នេះ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​រៀងៗ​ខ្លួន​ដោយ​មិន​រារែក​នោះឡើយ​៕

Untitled