មនុស្ស​២៣​នាក់​ស្លាប់ និង​ច្រើន​នាក់​រងរបួស​ក្នុងករណី​រថភ្លើង​ធ្លាក់​ផ្លូវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 August, 2017 ក+ ក-

​ឥណ្ឌា ៖ មនុស្ស​យ៉ាងតិច​២៣​នាក់​បាន​ស្លាប់ និង​ជាង​៩០​នាក់​ទៀត​រងរបួស​ក្រោយពី​រថភ្លើង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​បើក​ធ្លាក់​ចេញពី​ផ្លូវ​នៅ​រដ្ឋ​អូ​តា​ប្រា​ដិ​ស​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​កាលពី​ចុង​សប្តាហ៍​មុននេះ​។​
​មន្ត្រី​នាំពាក្យ​ផ្លូវ​រថភ្លើង​ម្នាក់​បាន​និយាយថា ទូរថភ្លើង​ចំនួន​១៤​ទូ​បាន​ប៉ើង​ចេញ​ពីលើ​តួ​រថភ្លើង​ដែល​ក្នុងនោះ​មាន​ទូ​មួយ​បាន​ប៉ើង​ទៅបុក​ផ្ទះ​ក្បែរ​នោះ​មួយកន្លែង​ខូចខាត​យ៉ាងដំណំ​នៅក្នុង​គ្រោះថ្នាក់​នេះ​ដែល​បានកើត​ឡើង​នៅ​ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ញូវដែលី ដែលជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​ឥណ្ឌា​។
​មន្ត្រី​មូលដ្ឋាន​បាន​និយាយថា មូលហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ មន្ត្រី​អះអាងថា គ្រោះថ្នាក់​នេះ​អាច​បណ្ដាលមកពី​កំហុស​របស់​មនុស្ស​។​
​តាម​ស្ថិតិ​ផ្លូវការ​បង្ហាញថា ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ​គ្រោះថ្នាក់​បែបនេះ​បានកើត​ឡើង​សរុប​ចំនួន​ជាង​៥៨០​ករណី​ក្នុងនោះ​ជាង​៥០​ភាគរយ​បានកើត​ឡើង​ដោយសារ​រថភ្លើង​បើក​ធ្លាក់​ផ្លូវ ហើយ​គ្រោះថ្នាក់​ដែល​ខ្លាំងជាងគេ​បំផុត​នោះ​គឺ​នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៦​ដែល​បានសម្លាប់​ប្រហែល​១៥០​នាក់​៕