ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃចន្ទទី២១ ខែសីហា ឆ្នាំ២០១៧នេះបានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣របស់ខ្លួន ក្រោមអធិបតីភាព លោក នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា សម័យប្រជុំបានដំណើរ ការពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និង ដំណើរការបោះឆ្នោត ជ្រើសរើសបំពេញ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភា បានប្រាប់នៅក្រោយកិច្ចប្រជុំនេះថា របៀបវារៈទី១ ត្រូវបានសមាជិកព្រឹទ្ធសភាហត្ថលេខីចំនួន២៧រូប បានស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ត្រង់ប្រការ៩ ប្រការ១១ ប្រការ១២ ប្រការ១៤ ប្រការ៧៨ ប្រការ៧៩ ប្រការ៨០ ប្រការ៨១ និង ចំណងជើងជំពូកទី១៣ ព្រមទាំងបន្ថែមជំពូកទី១២(ស្ទួន) ប្រការ៧៥(ស្ទួន) និងប្រការ៧៧(ស្ទួន)។
អ្នកនាំពាក្យបានបញ្ជាក់ថា ការកែសម្រួល និងបំពេញបន្ថែម ជំពូកទី១២(ស្ទួន) ប្រការ៧៥(ស្ទួន) និងប្រការ៧៧(ស្ទួន) គឺដើម្បីបញ្ចូលក្រមសីលធម៌សភា របស់សមាជិកព្រឹទ្ធសភា និងទណ្ឌកម្ម វិន័យកាត់ប្រាក់បំណាច់ប្រចាំខែ ដែលនាំឲ្យមានការកែប្រែប្រការ១១ ប្រការ១៤ ប្រការ៧៨ ប្រការ៧៩ ប្រការ៨០ ប្រការ៨១ និងចំណងជើងជំពូកទី១៣ ហើយក៏ដើម្បីលើកតម្កើងទំនុកចិត្តឆ្លើយតបទៅនឹងសំណូមពររបស់ម្ចាស់ឆ្នោត ស្របតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយផងដែរ។
លោក ម៉ម ប៊ុននាង បន្តថា ការកែប្រែប្រការ៩ ដើម្បីផ្តល់លទ្ធភាពឲ្យសមាជិកព្រឹទ្ធសភាមួយរូប អាចជាសមាជិកពីរគណៈកម្មការបាន ស្របនឹងការអនុវត្តរបស់រដ្ឋសភា (ប្រការ១០ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា)។ចំណែកឯការកែប្រែប្រការ១២ ដើម្បីផ្តល់សិទ្ធិសម្រេចជូនប្រធានព្រឹទ្ធសភា ក្នុងការប្រគល់សិទ្ធិជូនអនុប្រធានព្រឹទ្ធសភាមួយរូប ទទួលភារកិច្ចចាត់ចែងការងារជំនួស ក្នុងករណីមានធុរៈមិនអាច បំពេញមុខងារបាន ស្របបញ្ញត្តិមាត្រា១១០ថ្មី នៃរដ្ឋធម្មនុញ្ញ និងការអនុវត្តរបស់រដ្ឋសភា។
លោកបញ្ជាក់ទៀតថា គោលបំណងនៃការធ្វើវិសោធនកម្មនេះ គឺសំដៅលើកកម្ពស់ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងនីតិរដ្ឋនៅកម្ពុជា ក៏ដូចជាអនុលោមតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលតម្រូវឲ្យក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ កសាងក្រមសីលធម៌ផ្ទៃក្នុង ដើម្បីអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាប អំពើពុករលួយ ហើយក៏ដើម្បីបង្កើនជំនឿ និងទំនុកចិត្តរបស់សាធារណជនមកលើសមាជិកព្រឹទ្ធសភានិងព្រឹទ្ធសភា តាមរយៈការពង្រឹងការគោរពវិន័យ និងវត្តមានចាំបាច់ក្នុងសម័យប្រជុំសភា ការទទួលខុសត្រូវ តម្លាភាព សុចរិតភាព ភាពថ្លៃថ្នូរ ដែលជាគំរូប្រកបដោយសីលធម៌ ខ្ពស់។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាចំនួន៤៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ទាក់ទិននិងការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា លោកជំទាវ គុណ លំអង ពុំត្រូវបានជាប់ឆ្នោត ជាសមាជិកគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយឡើយ ។ លទ្ធផលបោះឆ្នោតលោកជំទាវ ទទួលបានសំឡេងគាំទ្រតែ១៨សំឡេង គឺតិចជាងមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ប៉ុន្តែលោកជំទាវត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៣ មណ្ឌលភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន៕
ភរិយាលោក ហុង សុខហួរ មិនជាប់ ឆ្នោតក្នុងគណៈកម្មការអង្កេត ព្រឹទ្ធសភាទេ