កូរ៉េខាងជើង​ព្រមាន​ចាត់វិធានការ​ក្តៅ​ប្រឆាំង​សមយុទ្ធ​យោធា​កូរ៉េខាងត្បូង​-​អាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2017 ក+ ក-

​សេ​អ៊ូ​ល ៖ កូរ៉េខាងជើង​នៅថ្ងៃនេះ​បានធ្វើការ​ព្រមាន​ខ្លាំងៗ​ជាថ្មី​ម្តងទៀត​ប្រឆាំង​ជុំវិញ​ការធ្វើ​សមយុទ្ធ​យោធា​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ដែល​បាននិងកំពុង​តែ​ប្រព្រឹត្តទៅ​របស់​សម្ព័ន្ធមិត្ត​ទាំងពីរ ដោយអះអាងថា ខ្លួន​ត្រៀម​រួចជាស្រេច​ក្នុងការ​ចាត់វិធានការ​តបត​ដោយ​ឥត​មេត្តា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុន​ហ៉ា​ប់​។​
​អ្នកនាំពាក្យ​យោធា​កូរ៉េខាងជើង នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​បាន​បញ្ជាក់ថា «​អាមេរិក​គួរតែ​ទទួលខុសត្រូវ​ទាំងស្រុង សម្រាប់​វិនាសកម្ម ដែល​នឹង​បង្កឡើង​ដោយសារតែ​ល្បែង​សង្គ្រាម​ដ៏​ធ្វេសប្រហែស​របស់ខ្លួន ស្រប​ពេលដែល​ទីក្រុង​វ៉ាស៊ីនតោន បានសម្រេច​ជ្រើស​រើសយក​ការប្រឈមមុខ​ផ្នែក​យោធា​ជាមួយ​យើង​»​។
​ជាមួយគ្នានេះ​កូរ៉េខាងជើង​បានចាត់ទុក​សកម្មភាព​យោធា​នេះ​គឺជា​ការហាត់​សម​មួយ ដើម្បី​ឈ្លានពាន​ទៅលើ​ប្រទេស​ខ្លួន ខណៈ​ទីក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន បាន​អះអាង​ជា​ដដែលៗ​ថា វា​គឺជា​ការបង្កើន​សមត្ថភាព​ការពារ​ខ្លួន​ប៉ុណ្ណោះ​។​
​តាម​ទី​ភ្នាក់ងាររដ្ឋ​កូរ៉េខាងជើង KCNA បាន​ឲ្យ​ដឹងថា យោធា​កូរ៉េខាងជើង ដែល​ឈរជើង​នៅ​តំបន់ Panmunjom បាន​លើកឡើងថា សហរដ្ឋអាមេរិក​បាន​ព្រងើយកន្តើយ​ចំពោះ​ការព្រមាន​របស់ខ្លួន ក្នុងការ​ជ្រើសរើស​ដើរ​ផ្លូវ​ត្រឹមត្រូវ​ហើយ​បាន​គំរាមថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ទទួលរង​ការដាក់ទោសទណ្ឌ​ដោយ​គ្មាន​មេត្តា​ជាក់​ជាពុំខាន​។
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​យោធា​អាមេរិក​-​កូរ៉េខាងត្បូង បានចាប់ផ្តើម​ការធ្វើ​សមយុទ្ធ​រួម​រយៈពេល​១០​ថ្ងៃ ដោយមាន​ការចូល​ពី​កងទ័ព​អាមេរិក​ប្រមាណ ១៧,៥០០​នាក់ និង​កងទ័ព​កូរ៉េខាងត្បូង​ប្រហែល ៥០,០០០​នាក់​៕