រាជធានីភ្នំពេញ ៖ ថ្លែងទៅកាន់កម្មករ កម្មការិនីរាប់ម៉ឺននាក់ កាលពីព្រឹកមិញសម្តេច ហ៊ុន សែន បានថ្លែងថា « យើងមិនបានចោទប្រកាន់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែ កឹម សុខា ទេ ដែលចោទសហរដ្ឋអាមេរិក, ដូច្នេះសូមឲ្យអាមេរិកក៏ដូចទូតអាមេរិកប្រចាំកម្ពុជា ស្តាប់ឲ្យច្បាស់ ហើយឆ្លើយតបឬបកស្រាយឲ្យបានច្បាស់លាស់អំពីសំដី កឹម សុខា ។
សម្តេច ហ៊ុន សែន ប្រកាសខ្លាំងៗដោយចោទសួរឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាថា តើការនិយាយរបស់លោក កឹម សុខា អំពីផែនការរៀបចំធ្វើបដិវត្តពណ៌ ពិត ឬមិនពិត ? ដូច្នេះស្នើឲ្យឯកអគ្គរដ្ឋទូតចេញមុខមកពន្យល់ដល់ប្រជាពលរដ្ឋកម្ពុជា ។ ទន្ទឹមនោះសម្តេចក៏ បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួបរួមគ្នាលើកកម្ពស់ជាតិនិយម ហើយកំចាត់ពួកបរទេសឈ្លានពាន ដើម្បីឯករាជ្យ សេរីភាព និងអធិបតេយ្យភាពរបស់កម្ពុជា ៕