រាជធានីភ្នំពេញ ៖ លោក ប៉ាក ច័ន្ទសំបូរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺផ្តន្ទាទោសលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ហើយមជ្ឈដ្ឋានមួយចំនួនហៅថា អ្នកវិភាគមាត់ដាច នោះ ដាក់ពន្ធនាគារ១៨ខែដដែល ។ ការសម្រេចបែបនេះធ្វើឡើងក្រោយបញ្ចប់សវនាការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសលោកគឹម សុខ ដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៨០០លានរៀល ករណីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី ។
លោក គឹម សុខ ជាប់ចោទចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោ ដូចគ្នា គឺពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕