អ្នកស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​នៅ​ប្រទេស​ម៉ិចស៊ីកូ​កើន​ដល់​២៧៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2017 ក+ ក-

ម៉ិចស៊ីកូ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​នៅ​ភាគ​កណ្តាល​ប្រទេស​ម៉ិចស៊ីកូ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ បាន​កើន​ឡើងដល់ ២៧៣​នាក់​ហើយ ខណៈដែល​អ្នករងរបួស​មាន​ជាង ២,៦០០​នាក់​។
​យោងតាម​សេចក្តីប្រកាស​ពី​ទីភ្នាក់ងារ​គាំពារ​ជន​ស៊ីវិល​ជាតិ​ម៉ិចស៊ីកូ​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​១៣៧​នាក់​បាន​បាត់​បង់ជីវិត នៅក្នុង​រដ្ឋធានី​ម៉ិចស៊ីកូ​ស៊ី​ធី​, ៧៣​នាក់​នៅ​រដ្ឋ​ម៉ូ​រេ​ឡូ​ស​, ៤៣​នាក់ នៅ​រដ្ឋ​ភឺ​ប្លា​, ១៣​នាក់ នៅ​រដ្ឋ​ម៉ិចស៊ីកូ​, ០៦​នាក់ នៅ​រដ្ឋ​ហ្គឺ​រេ​រ៉ូ​, និង​ម្នាក់​នៅ​រដ្ឋ​អូ​សាខា ។ ក្រៅពីនេះ​អគារ​ប្រមាណ ៤០​ខ្នង បាន​ដួលរលំ​ទាំងស្រុង ស្រប​ពេលដែល ២,៩០០​ខ្នង បាន​រង​ការខូចខាត​។
​ដោយឡែក​បើតាម​ក្រសួងសុខាភិបាល​ម៉ិចស៊ីកូ មន្ទីរពេទ្យ​នានា បានទទួល​ព្យាបាល​អ្នករបួស​ចំនួន ២,៦៣៣​នាក់ ដោយ​ភាគច្រើន​គឺ​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​តែម្តង ជាទី​ដែលមាន​មនុស្ស​ប្រមាណ ១,៩៩៨​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​។
​ទោះបីយ៉ាងណា​បើតាម​ទីភ្នាក់ងារ​ដដែល​បាន​បញ្ជាក់ថា ចំនួន​នេះ​ទំនងជា​អាច​នឹង​កើនឡើង​ខ្លាំង​ថែមទៀត ខណៈដែល​ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​បន្ត​ប្រព្រឹត្ត​នៅឡើយ គ្រា​ដែល​សាកសព​បន្ថែម កំពុង​ត្រូវគេ​ទាញ​ចេញពី​គំនរ​បាក់បែក​នៃ​អគារ ដែល​បាន​ទទួលរង​ការបំផ្លិចបំផ្លាញ ដោយសារ​គ្រោះ​រញ្ជួយ​ផែនដី​កម្រិត​ធ្ងន់ធ្ងរ​រហូតដល់ ៧.១​រ៉ិ​ច​ទ័​រ​ដ៏​សាហាវ​ប្រចាំ​ឆ្នាំនេះ​៕