ខេត្តក្រចេះ ៖ ជនសង្ស័យដែលច្រៀងចម្រៀងប្រមាថកិត្តិយសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសារភាពថា រូបគេពិតជាបានច្រៀងជេរប្រមាថថ្នាក់ដឹកនាំកម្ពុជាប្រាកដមែន ហើយអះអាងថា ចម្រៀងបែបជេរប្រមាថនេះ ខ្លួនគេបាននិពន្ធឡើងតាំងពីឆ្នាំ២០១៣។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចជំនាញនៅខេត្តក្រចេះក្រោយពេលសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។
ជនសង្ស័យឈ្មោះ ហ៊ុយ ឧត្ដម ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ ជាមេការក្រុមហ៊ុនទឹកសុទ្ធ នៅខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តក្រចេះឃាត់ខ្លួននៅស្រុកកំណើតប្រពន្ធ របស់ជនសង្ស័យ នៅភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពាក់ព័ន្ធនឹងការជេរប្រមាថថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គម Facebook នៅវេលាម៉ោង២ និង០០រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហ៊ុយ ឧត្តម បាននិយាយថា កាលពីឆ្នាំ២០១៣ រូបគេបាននិពន្ធបទចម្រៀងចំនួន៤បទចំរៀង ក្នុងនោះមានបទជាចម្រៀងបែបជេរប្រមាថ ថ្នាក់ដឹកនាំ ហើយក្នុងបទ នោះដែរ រូបគេបានបង្ហោះចូលក្នុងសង្គម Facebook។ ក្រោយមកទៀត រូបគេបានឈប់ Post ប៉ុន្តែមានមិត្តភក្តិលើ Facebook មួយចំនួនជាអ្នករក្សា វីដេអូនេះទុក រួចបង្ហោះបន្ត លុះដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ មាន Facebook មួយមានឈ្មោះ កែម ឡីទី១០០០០ ក៏បានយកវីដេអូនេះ មកបង្ហោះម្តងទៀតតែម្តង។ នេះបើតាមបញ្ជាក់ពីលោក គុណ សោភ័ណ្ឌ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។
ទោះបីយ៉ាងណាសមត្ថកិច្ចក៏គ្រោងនឹងបញ្ជូនជនសង្ស័យរូបនេះ ទៅតុលាការផងដែរ បន្ទាប់ពីបញ្ចប់ការសួរនាំរួចរាល់៕