ភ្នំពេញ ៖ កិច្ចប្រជុំចុងក្រោយរបស់គណៈកម្មការប្រឹក្សាការងារ នៅវេលាម៉ោង៤៖០០នាទីរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នេះ បានបោះឆ្នោតយកតួលេខ១៦៥ដុល្លារ ដើម្បីដំឡើងប្រាក់ឈ្នួល ដល់កម្មករនៅឆ្នាំ២០១៨ ដោយបូកនឹងប្រាក់បន្ថែមពីរាជរដ្ឋាភិបាលចំនួន៥ដុល្លារទៀត ស្មើនឹង ១៧០ដុល្លារក្នុងមួយខែ។
ជារៀងរាល់ឆ្នាំ ក្រោយការបោះឆ្នោតជ្រើសរើសតួលេខនេះរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងសម្រេចបន្ថែម៥ដុល្លារថែមទៀត ពីលើតួលេខរបស់ គណៈកម្ម ការ ប្រឹក្សាការងារ។ ដូច្នេះប្រាក់ឈ្នួលរបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នឹងឡើងដល់ ១៧០ដុល្លារ នៅឆ្នាំ២០១៨ គឺកើនឡើង១៧ដុល្លារទៀត បើធៀបនឹង ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ មានចំនួនទាបបំផុត ១៥៣ដុល្លារ ដោយមិនទាន់រាប់បញ្ចូលទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជា ប្រមុខបានដាក់គោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ ជា រៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៨ ខាងមុខនេះប្រាក់ឈ្នួលអប្បបរមាជាផ្លូវការ ស្មើនឹង១៧០ដុល្លារ ក្នុងនោះមានប្រាក់បន្ថែមរបស់រាជរដ្ឋាភិបាលចំនួន៥ដុល្លារផងដែរ៕