សមាជិកសភា​អ៊ុយ​ក្រែ​ន​ប៉ះទង្គិច​គ្នា ខណៈ​អនុម័ត​សេចក្ដីព្រៀងច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2017 ក+ ក-

​អ៊ុយ​ក្រែ​ន ៖ រដ្ឋសភា​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​បង្ខំចិត្ត​ផ្អាក​សម័យកាល​ប្រជុំ​របស់ខ្លួន​ដោយសារ​សមាជិកសភា​មានការ​ខ្វែងគំនិត​គ្នា​បន្តិចបន្តួច​ចំពោះ​សេចក្ដីព្រៀងច្បាប់​ដែលជា​ចំណុចក្ដៅ​បំផុត​មួយ​ពាក់ព័ន្ធ​នឹង​ដែនដី​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​។​
​សេចក្ដីព្រាងច្បាប់​ដែល​តាក់តែងឡើង​ដោយ​ប្រធានាធិបតី​ប្រទេស​អ៊ុយ​ក្រែ​ន​គឺ​លោក ផេ​ត្រូ ប៉ូ​រ៉ូ​សេន​កូ បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ក្រុម​សមាជិកសភា​រួមទាំង​គណបក្ស​សា​ម៉ូ​ផូ​មិច​ផងដែរ​។ នៅពេល​ខ្វែងគំនិត​គ្នា​ដោយសារតែ​ច្បាប់​នេះ​មិនបាន​បញ្ជាក់​ច្បាស់​ពី​ការគ្រប់គ្រង​ដែនដី​នៅ​តំបន់​នោះ ក្រុម​សមាជិកសភា​ដែល​ប្រឆាំង​ជំទាស់​នឹង​សេចក្ដីព្រាងច្បាប់​នេះ​បាននាំគ្នា​សម្រុក​ឡើងទៅ​កន្លែង​វេទិកា​របស់​ប្រធានរដ្ឋសភា​ដែលជា​ហេតុ​ធ្វើ​ឲ្យ​គេ​ពន្យារពេល​សម័យប្រជុំរ​ហូត​ដល់​ថ្ងៃ​សុក្រ​នេះ​។​
​គួរ​បញ្ជាក់ថា សេចក្ដីព្រាងច្បាប់​នេះ​គឺ​យោងទៅលើ​ផ្នែក​មួយចំនួន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​២០១៥​សម្រាប់​ដែនដី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ក្រោម​ការសម្របសម្រួល​ដោយ​ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង​៕