មនុស្ស​១៩​នាក់​ស្លាប់ និង​ច្រើន​នាក់​របួស​ក្នុងករណី​រថភ្លើង​បុក​រថយន្តក្រុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2017 ក+ ក-

រុស្ស៊ី ៖ មនុស្ស​យ៉ាងហោចណាស់​១៩​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​បាន​រងរបួស នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ដក្រុង​បុក​ជាមួយនឹង​រថភ្លើង​នៅឯ​តំបន់ Vladimir ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង​ម៉ូស្គូ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​រុស្ស៊ី​ដែល​ដកស្រង់​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​អាជ្ញាធរ​បន្តថា គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​៣ និង​៣៩​នាទី​ព្រឹក​ថ្ងៃ​សុក្រ (​ម៉ោង​នៅក្នុង​តំបន់​) នៅ​ចំពេល​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង បាន​ឆ្លងផ្លូវ​នៅពេល ភ្លើង​ចេញ​សញ្ញា​ពណ៌​ក្រហម ពេល​កំពុងមាន​ល្បឿន​លឿន ជាហេតុ​ធ្វើឱ្យ​បុក​គ្នា​ពេញ​មួយ​ទំហឹង នៅលើ​ផ្លូវដែក​នៃ​ស្ថានីយ​រថភ្លើង Pokrov​។ អាជ្ញាធរ​បញ្ជាក់ថា អ្នករងរបួស​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​
​បើតាម​ក្រុម​អ្នកស៊ើប​អ​ង្កើ​ត​សន្និដ្ឋាន​ជាបឋម​ថា គ្រោះថ្នាក់​នេះ​អាច​បណ្ដាលមកពី​ការរំលោភ​លើ​បទដ្ឋាន​សុវត្ថិភាព​៕