ការ​លួច​ថវិកាជាតិ -​ការតែងតាំង​មន្ត្រី​ដោយ​គ្រួសារ ឬ​ដោយ​សំណូក​ជា​អំពើ​ឧក្រិដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2015 ក+ ក-

ភ្នំពេញ​៖ អនុប្រធាន​គណៈកម្មកា​រ​ទី​២ នៃ​រដ្ឋសភាមកពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ បានលើកឡើង​ប្រដូច​ទោសទណ្ឌ​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ថា « អំពើ​លួច​ថវិកាជាតិ ជា​អំពើ​ឧក្រិដ្ឋ ចំណែក​ការតែងតាំង​បុគ្គលិក​ដោយ​ជា​គ្រួសារ ឬ​ដោយ​សំណូក​នៅក្នុង​តួនាទី ក៏​ជា​អំពើ​ឧក្រិដ្ឋ​ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ » ។​

លោក សុន ឆ័យ បានលើកឡើង​បែបនេះ​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​រវាង​គ​ណៈ​កម្ម​ការ​ទី​២ នៃ​រដ្ឋសភា ជាមួយ​អគ្គលេខាធិការ​រដ្ឋសភា ស្តីពី​ការចំណាយ​ថវិកា​របស់​រដ្ឋសភា នៅ​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៥ នា​វិមាន​រដ្ឋសភាជាតិ​ថា ការចំណាយ និង​គម្រោង​ទិញ​សម្ភារៈ​ឧបករណ៍ប្រើប្រាស់​នៅ​រដ្ឋសភា គឺ​ថ្លៃ​ហួសហេតុ ដូចជា ចំណាយ​លើ​សេវាកម្ម ១១,៥​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។ ចំណែក​គម្រោង​ចំណាយ​លើ​ការទិញ​ឧបករណ៍​ការពារ​រន្ទះ មួយគ្រឿង​ថ្លៃ ១២.០០០​ដុល្លារ សាងសង់ ក្លោងទ្វារ ជាង ៥​ម៉ឺន​ដុល្លារ និង​ដងទង់​ជាតិ មួយ​ថ្លៃ ៣៥.០០០​ដុល្លារ ជាដើម​។ អំពើ​លួច​ថវិកាជាតិ ជា​អំពើ​ឧក្រិដ្ឋ​។​

លោក សុន ឆ័យ ក៏បាន​បន្ថែមថា ចំនួន​បុគ្គលិក​នៅ​រដ្ឋសភា នា​សព្វថ្ងៃ មាន​ជាង ១.៣០០​នាក់ ដែលជា​ចំនួន​ច្រើន លើសពី​ជំនាន់​សម្តេចក្រុមព្រះ នៅ​ជា​ប្រធានរដ្ឋសភា កាលពី​ឆ្នាំ​២០០៦ មានតែ​ជាង ៤០០ នាក់​ប៉ុណ្ណោះ​។ ក្នុងនោះ ក៏មាន​បញ្ហា​គ្រួសារនិយម​របស់លោក មិត្ត ការ៉េ​ន អគ្គលេខាធិការរងរ​ដ្ឋ​សភា បាន​កាន់តំណែង​ជា​អ្នក​កាន់​លុយ និង​ធ្វើ​សវនកម្ម នៅ​រដ្ឋសភា ព្រមទាំង​កាន់តំណែង​ជា​អគ្គនាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ សរុប​ប្រមាណ ១៥​នាក់​។​

លោក សុន ឆ័យ បាន​បញ្ជាក់ថា កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​ទី​២​រដ្ឋសភា និង​លោក​ឡេង ប៉េងឡុង នៅ​ព្រឹក​នោះ មិនទាន់​ដោះស្រាយ​បញ្ហា​ខាងលើ នៅឡើយ​ទេ ដោយសារតែ​លោក ឡេង ប៉េងឡុង មិន​ព្រម​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការចំណាយ និង​បញ្ជី​ឈ្មោះ​បុគ្គលិក​ជាដើម ដល់​គណៈកម្មការ​ទី​២​រដ្ឋសភា​ឡើយ​។​

លោក សុន ឆ័យ បាន​អះអាងថា ក្នុង​កិច្ចប្រជុំ លោក​បានបញ្ជាក់​ទៅកាន់​អគ្គលេខាធិការ​រដ្ឋសភា​ថា អំពើ​លួច​ថវិកាជាតិ ជា​អំពើ​ឧក្រិដ្ឋ​។ ការតែងតាំង​បុគ្គលិក ដោយ​ជា​គ្រួសារ ឬ​ដោយ​សំណូក នៅក្នុង​តួនាទី ជា​អំពើ​ឧក្រិដ្ឋ មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​។

ជាការ​ឆ្លើយតប លោក ឈាង វុន សមាជិកសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា ការលើកឡើង​របស់លោក សុន ឆ័យ គ្រាន់តែ​ជា​រឿង​ដដែលៗ​ ហើយ​បើសិនជា​លោក សុន ឆ័យ ចង់ដឹង​ច្បាស់ ក្នុងនាម​អនុប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា អាច​ទៅ​ពិភាក្សា​ជាមួយ​ប្រធាន​គណៈកម្មការ​ទី​២ រួចហើយ កោះហៅ​អ្នកទទួលខុសត្រូវ​មក​សួរ​នាំទៅ ព្រោះ​លោក សុន ឆ័យ ធ្វើការ​ងារ​នេះ​ស្រាប់​។​

​យ៉ាងណាក៏ដោយ លោក ឡេង ប៉េងឡុង ពេល​ដើរ​ចេញពី​បន្ទប់​ប្រជុំ បាន​បដិសេធ មិន​ផ្តល់​សម្ភាសន៍ ដល់​អ្នកកាសែត​ទេ​។ ចំណែក​លោក មិត្ត ការ៉េ​ន ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ម្សិលមិញ ក៏​មិនបាន​និយាយស្តី​អ្វី​ដែរ​៕

លោក-សុន-ឆ័យ-2014-12-22​លោក សុន ឆ័យ អនុប្រធាន គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា​