ហ្គាណា ៖ មន្ត្រីអាជ្ញាធរបាននិយាយពីថ្ងៃម្សិលមិញនេះថា រថយន្តដឹកប្រេងមួយគ្រឿងបានផ្ទុះឆេះស្ថានីយប្រេងមួយកន្លែងបន្ទាប់មកមានការផ្ទុះមួយទៀតធ្វើឲ្យមនុស្សយ៉ាងតិច៧នាក់ស្លាប់ និង១៣២នាក់ទៀតរងរបួសនៅជាយទីក្រុងអាក្រា នៅប្រទេសហ្គាណា។
អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅប្រទេសហ្គាណានិយាយថា រថយន្តដឹកប្រេងនេះបានផ្ទុះនៅជិតស្ថានីយប្រេងដែលរងការឆាបឆេះដោយសារការផ្ទុះរថយន្តនេះ។ អនុរដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា អគ្គិភ័យដោយសារការផ្ទុះលើកទី១ត្រូវបានគ្រប់គ្រងបានហើយ ប៉ុន្តែសេវាពន្លត់អគ្គិភ័យនៅកំពុងព្យាយាមគ្រប់គ្រងការផ្ទុះឆេះជាលើកទី២ទៀត។
គួរបញ្ជាក់ថា ហ្គាណាដែលជាប្រទេសផលិតឧស្ម័ន និងប្រេងមួយនោះបានទទួលរងគ្រោះថ្នាក់មួយចំនួនក្នុងពេលថ្មីៗនេះរួមទាំងការផ្ទុះមួយបានកើតឡើងនៅឆ្នាំ២០១៥ដែលបានសម្លាប់ចំនួនប្រហែល១០០នាក់ផងដែរ៕