សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នៅ​ភាគ​ខាងកើត និង​ពាយព្យ​នៃ​ប្រទេស​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 October, 2017 ក+ ក-

ប៉េកាំង ៖ ទីភ្នាក់ងារ​អង្កេត​ជាតិ​បាន​និយាយ​ពីថ្ងៃ​អាទិត្យ​ថា អាកាសធាតុ​ត្រជាក់​បានចាប់ផ្ដើម​វាយប្រហារ​ផ្នែក​ភាគច្រើន​នៅ​ភាគ​ខាងជើង និង​ពាយព្យ​នៃ​ប្រទេស​ចិន​ដោយ​ធ្វើ​ឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​ផងដែរ​។​
​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​និយាយថា តំបន់​មួយចំនួន​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ចិន​ដូចជា​ខេត្ត​ស៊ីន​ជាំ​ង ខេត្ត​សាន​ស៊ី និង​ហ្គា​ន​ស៊ូ​ព្រមទាំង​នៅ​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​នឹងមាន​សីតុណ្ហភាព​ចុះ​ត្រជាក់​រហូតដល់​ជាង​១២​អង្សា​ចាប់ពី​ថ្ងៃអាទិត្យ​រហូតដល់​ថ្ងៃ​អង្គារ​។ ទីភ្នាក់ងារ​ឧតុនិយម​នេះ​បាន​បន្ថែមទៀតថា តំបន់​មួយចំនួន​រួមទាំង​ខេត្ត​ឆឹង​ហៃ (Qinghai) នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​នឹងមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ផងដែរ​។​
​ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃអាទិត្យ​ដល់​ថ្ងៃ​ពុធ​សីតុណ្ហភាព​ចុះ​ត្រជាក់​នឹង​បន្ត​រាលដាល​ទៅ​ភាគខាងត្បូង​ប្រទេស​ដោយ​ធ្វើ​ឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នៅ​តំបន់​ភាគច្រើន​ស្ថិតនៅ​ភាគ​កណ្ដាល​និង​ខាងកើត​នៃ​ប្រទេស​ចិន​ហើយ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ចរាចរណ៍​នៅ​ទីនោះ​៕