ចិន ផ្តល់ជំនួយ​សំភារៈ​៣០​មុខ​ដល់ គ ជ ប សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2017 ក+ ក-

​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្លូវការ​មួយ នា​ថ្មីៗ​នេះ ដើម្បី​ផ្តល់ជំនួយ​សម្ភារ​បរិក្ខា​ចំនួន​៣០​មុខ ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​បើតាម​សេចក្តីប្រកាស​នៅថ្ងៃនេះ​។​
​ឯកឧត្តម សោម សូ​រី​ដា អគ្គលេខាធិការរង​គ​.​ជ​.​ប បានបញ្ជាក់​ឱ្យដឹងថា សម្ភារ​ទាំងនោះ នឹង​ក្លាយ​ជំនួយ​លើកដំបូង​របស់​រដ្ឋាភិបាល​ចិន សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា ចាប់តាំងពី​ប្រទេស​មហា​យក្ស​នេះ បានប្រកាស​ផ្តល់ជំនួយ​ដល់​ការបោះឆ្នោត​កម្ពុជា​កន្លង​មក ប៉ុន្តែ​សម្ភារៈ​ទាំងនោះ មិនទាន់​បញ្ជូន​មកដល់​គ​.​ជ​.​ប នៅឡើយ​ទេ​។​
​បើតាម​សេចក្តី​ប្រកាសគ​.​ជ​.​ប នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ បានឱ្យដឹងថា សម្ភារៈ​បរិក្ខា​ដែល​ចិន​ព្រមព្រៀង​ផ្តល់ជូន​កម្ពុជា​នេះ រួមមាន​ដូចជា កុំព្យូទ័រ ម៉ាស៊ីន​ព្រី​ន ម៉ាស៊ីនថតចម្លង កាមេរ៉ា រួមទាំង​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ទៀត​ជាដើម ខណៈដែល​ការប៉ាន់ប្រមាណ​ជា​ទឹកប្រាក់ មិនទាន់​អាចធ្វើ​បាន​នៅឡើយ​ទេ​។​
​ក្រោយ​កិច្ចព្រមព្រៀង​លើកដំបូង​នេះ ភាគី​ចិន បាន​សន្យាថា នឹង​បន្ត​ផ្តល់ជំនួយ​ដល់គ​.​ជ​.​ប បន្ថែមទៀត សម្រាប់​ការបោះឆ្នោត​ជា​បន្តបន្ទាប់​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​ភាពត្រឹមត្រូវ​មាន​តម្លាភាព និង​គណនេយ្យភាព​។​
​សូមបញ្ជាក់ថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​សំខាន់ៗ​ចំនួន​ពីរ​នៅក្នុង​ឆ្នាំ​២០១៨ ខាង​មុននេះ ក្នុងនោះ​មានការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៥​ខែកុម្ភៈ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា​។ ការបោះឆ្នោត​ទាំង​ពីនេះ កម្ពុជា​គ្រោង​នឹង​ចំណាយ​ប្រមាណ​ជាង​៥០​លាន​ដុល្លារ គណៈ​ដែល​ទឹកប្រាក់​នេះ ត្រូវបាន​កម្ពុជា ត្រៀម​និង​អនុម័ត​រួចរាល់​ហើយ​ដែរ​៕