ក្រសួង​ព័ត៌មាន​ប្រកាស​ផ្ទេរតំណែង​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2017 ក+ ក-

​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ក្រសួង​ព័​ត៍​មាន បានរៀបចំ​ការប្រកាស​ផ្ទេរតំណែង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​របស់​ក្រសួង ដោយ​ឯកឧត្តម លី វ៉ាន់​ហុង ត្រូវ បានតែងតាំង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួង​ព័​ត៍​មាន បន្ថែម​លើ​មុខ តំណែង​អនុរដ្ឋលេខាធិការ​ក្រសួង​ព័​ត៍​មាន នាពេល​បច្ចុប្បន្ន ជំនួស​លោកជំទាវ លឹម មុំ ដែល​ត្រូវ ចូល និវត្តន៍​។​
ក្នុងឱកាស​នេះ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មានបាន​សម្តែង​នូវ​ការ​កោត ស​សើរ ចំពោះ​លោកជំទាវ លឹម មុំ អតីត​អគ្គនាយិកា នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័​ត៌ មាន ដែល​បាន​ខិតខំ​ក្នុង​ការបំរើ​ការងារ​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ ដែល​ស្នាដៃ​របស់ លោកជំទាវ ត្រូវ បាន​កត់ត្រា និង​ក្លាយជា​មេរៀន​ដល់​អ្នក​បន្តវេន​រៀនសូត្រ​តាម​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏ បាន​ជំរុញ​ដល់​មន្ត្រី​គ្រប់​បណ្តា​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ព័​ត៍​មាន​ត្រូវមាន សាមគ្គី​ភាពជា​ធ្លុង​មួយ ធ្វើការ​បំរើ​ដល់​ផលប្រយោជន៍​ប្រទេសជាតិ​ជាធំ ជាពិសេស​ត្រូវធ្វើ យ៉ាងណា​រួមចំណែក​ជំរុញ វិស័យ​ព័​ត៍​មាននៅ​កម្ពុជា​អោយ​ឈានឡើង​បន្ថែមទៀត​។​
​លោកជំទាវ លឹម មុំ មានប្រសាសន៍ថា ថ្ងៃនេះ ជា​ថ្ងៃ​ដែល​លោកជំទាវ​ត្រូវដាក់​អោយចូល និវត្តន៍ ក្រោយពី​បាន​បំពេញការងារ​ជូន​ជាតិ​អស់​រយៈពេល ៣៨​ឆ្នាំកន្លងមក ហើយ​ថា សំរាប់​រូប លោក ជំទាវ ផ្ទាល់​មាន​មោទនភាព​ខ្ពង់​ខ្ពស់បំផុត​ដែល​បាន​ចំណាយ​ពេលវេលា​ស្ទើរ ពាក់កណ្តាល នៃ​ជីវិត ក្នុង​ការបំរើ​ប្រទេសជាតិ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ ២០១៧​នេះ​។​
​ដោយឡែក​ឯកឧត្តម លី វ៉ាន់​ហុង ដែល​ត្រូវ​ចូលមក​ទទួល​ភារ​ថ្មី​ជា​អគ្គនាយក នៃ​អគ្គ នាយក ដ្ឋា​ន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួង​ព័​ត៍​មាន​មានប្រសាសន៍ថា ឯកឧត្តម​សូម​តម្កល់​រាល់ ស្នាដៃ​របស់ អតីត​អគ្គនាយិកា​ទុកជា​មេរៀន​ក្នុងការ​បំពេញការងារ​បន្ត​ធ្វើអោយ​ការងាររដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័​ត៍​មាន​ទទួលបាន​សមិទ្ធផល​ថ្មីៗ​ធំធេង​បន្ថែមទៀត និង​បាន​ប្តេជ្ញា​ក្នុងការ បំពេញការងារ ដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត​៕