ភ្នំពេញ ៖ កងកម្លាំងមួកខៀវកម្ពជាចំនួន១៨៤នាក់ ដែលត្រៀមចេញទៅបំពេញបេសកកម្មសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ នាពាក់កណ្តាលខែមករា ឆ្នាំ២០១៨ ខាងមុខ នេះ បានបើកការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ពហុជាតិ ខេត្តកំពង់ស្ពឺ។
ឧត្តមសេនីយ៍ទោ ហ៊ួត គីមសាន្ត អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជា នាយក សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុកជាតិ ថ្លែងថា ពាក់កណ្តាលខែមករា ឆ្នាំ ២០១៨ ខាងមុខនេះ កម្ពុជានឹងបញ្ជូនកម្លាំងមួកខៀវកម្ពុជាចំនួន១៨៤នាក់ ដែលកំពុងហ្វឹក ហាត់ នេះ ត្រៀមទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋលីបង់។
លោក ហ៊ួត គឹមសាន្ត បន្តថា កម្លាំងមួកខៀវ១៨៤នាក់ នេះ ក្រៅពីហ្វឹកហ្វឺនបាញ់គ្រាប់ពិត ក៏បានហ្វឹកហ្វឺនលើជំនាញ ជំនាញវិស្វកម្ម មានសំណង់ផ្តេក និងសំណង់បញ្ឈរ, ជំនាញបោស សំអាត មីន,ជំនាញកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់កែច្នៃ, ជំនាញសុខាភិបាលសង្គ្រោះបឋម ការសិក្សាផ្នែកច្បាប់ជាតិ និងច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស ច្បាប់ព្រហ្មទណ្ឌ ច្បាប់សង្គ្រាម អប់រំ ចិត្តសាស្ត្រ។ល។
លោក ហ៊ួត គឹមសាន្ត បន្ថែមថា កម្លាំងមួកខៀវកម្ពុជាដែលត្រៀមខ្លួនដើម្បីចូលរួមបំពេញ បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ គឺមានសមត្ថភាពគ្រប់គ្រាន់ និងមានជំនាញ ច្បាស់លាស់ ដោយសារបានឆ្លងកាត់វគ្គហ្វឹកហ្វឺនត្រឹមត្រូវ ដែលមានយោធាជាតិ និងអន្តរជាតិដែល មានមកពីសហរដ្ឋអាមេរិក ចិន ឥណ្ឌា បារាំង ជប៉ុន មន្ត្រី UNMASS របស់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្ត កម្ពុជា ជាច្រើននាក់ទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបជិត៥០០០នាក់ ក្នុង នោះមានស្ត្រីជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្ន កម្ពុជាមានកម្លាំងចំនួន១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៨ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល ឆាដ សាយប្រឹស ស៊ីរី លីបង់ និងម៉ាលី។ កម្លាំង មួកខៀវទាំងអស់នេះ ដែលធ្វើអោយប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើន ជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕