ខេត្តប៉ៃលិន : រយៈពេលជិតមួយសប្តាហ៍ហើយ ដែលថៅកែកាស៊ីណូក្រោន បានហៅជនជាតិចិនចំនួន១៤នាក់ ស្រី២នាក់ ដោយចេញថ្លៃសំបុត្រយន្តហោះ និងថ្លៃលិខិតឆ្លងដែន មកធ្វើការនៅកាស៊ីណូរបស់ខ្លួន ប៉ុន្តែមិនមានការងារអោយធ្វើ បណ្តាលអោយជនជាតិចិនទាំងនោះ ហៅរថយន្តឈ្នួលជិៈត្រលប់ទៅស្រុកកំណើតវិញ តែត្រូវថៅកែកាស៊ីណូ ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនពួកគេទៅវិញ។
ហេតុការណ៍ចុះឃាត់ខ្លូនជនជាតិចិនទាំងនោះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៩ ចំណុចស្រែម្អម ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំណែកកាស៊ីណូ ដែលជនជាតិទាំងនេះ ធ្វើការស្ថិតនៅជាប់ព្រំដែនកម្ពុជា ថៃ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកអនុសេនីយ៍ឯក គង់ ណន អធិការរងនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ថៅកែកាស៊ីណូក្រោន(Crown Casino) បានជួលជនជាតិចិនចំនួន១៤នាក់ ក្នុងនោះស្រី២នាក់ មកពីប្រទេសចិន ដោយចេញថ្លៃលិខិតឆ្លងដែន និងថ្លៃសំបុត្រយន្តហោះជូនពួកគេ ឱ្យមកធ្វើការនៅក្នុងកាស៊ីណូរបស់ខ្លួន ។ លោកអធិការរងស្រុក បាន បន្តថា លុះពួកគេមកដល់កាស៊ីណូជិតមួយសប្តាហ៍ មិនមានការងារធ្វើអ្វី រហូតបង្ខាំចិត្តខ្លីលុយក្រុមហ៊ុនក្នុងម្នាក់100$ ដើម្បីចាយសិន លុះនៅតែមិនមានអ្វីធ្វើទៀតពួគគេក៍សម្រេចចិត្តរួមគ្នាហៅរថយន្តឈ្នួសជិះ ក្នុងទិសដៅពីត្បូងទៅជើងរហូតដល់ចំណុចស្រែម្អម ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ដើម្បីទៅស្រុកវិញ។ លោកអធិការរង បន្តថា ក្នុងឃាត់ខ្លួនជនជាតិចិនទាំងនេះ ដោយមានការស្នើរសុំ ពីក្រុមហ៊ុនកាស៊ីណូខាងលើ សំណូមពរឲ្យសមត្តកិច្ច ជួយនាំជនជាតិចិនទាំង១៤នាក់ ឲ្យត្រឡប់មកកាន់កាស៊ីណូវិញ ដើម្បី ដោះស្រាយគ្នាសិន ។
លទ្ធផលនៃការដោះស្រាយ គឺក្រុមហ៊ុនកាស៊ីណូ បានចេញថ្លៃប៉ាស្ព័រ និងសំបុត្រយន្តហោះឲ្យជនជាតិចិនទាំង១៤នាក់ ចំណែកលុយ ដែលជនជាតិចិនខ្ចីពីក្រុមហ៊ុនក្នុងម្នាក់100$ គឺបានត្រូវជនជាតិទាំងនោះសងមកក្រុមហ៊ុនវិញផងដែរ៕ សុផល